អន្តរជាតិ៖ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអង្គារ ទី១ ខែកុម្ភៈ ថារបបយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ាបានសម្លាប់ និងធ្វើទារុណកម្មជនស៊ីវិលដែលចាត់ទុកថាជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
អតីតសមាជិកសភាអាមេរិក លោក Tom Andrews បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា គាត់បានទទួលរបាយការណ៍បន្ថែមទៀតអំពី "ការសម្លាប់រង្គាល ការវាយប្រហារលើមន្ទីរពេទ្យ និងការទម្លាក់គ្រាប់បែក និងការដុតភូមិដើម" ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក Andrews បាននិយាយថា៖ «យោធាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ា»។
ពាក់ព័ន្ធនឹងរឿងនេះអ្នកនាំពាក្យរបបយោធាមិនបានឆ្លើយតបនៅឡើយទេ។
លោក Andrews បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ថា របបយោធាកំពុងធ្វើ ឧក្រិដ្ឋកម្ម រឹបអូសទ្រព្យសម្បត្តិ និងលួចប្រាក់ចំណូលដែលជាកម្មសិទ្ធិរបស់ប្រជាជនមីយ៉ាន់ម៉ាយ៉ាងត្រឹមត្រូវ ដែលទង្វើទាំងត្រូវតែបញ្ឈប់។
អ្នកនាំពាក្យរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមីយ៉ាន់ម៉ា លោកស្រី Ravina Shamdasani បាននិយាយថា គិតមកដល់ពេលនេះ មនុស្សប្រមាណ ១ ៥០០នាក់ហើយដែលបានស្លាប់ ប៉ុន្តែនេះគ្រាន់តែជាបរិបទនៃការតវ៉ា ដែលមានន័យថាកន្លែងដែលកងកម្លាំងសន្តិសុខបានចូលទៅក្នុងផ្ទះប្រជាជន ធ្វើការវាយឆ្មក់នេះក៏រាប់បញ្ចូលទាំងមនុស្សដែលបានស្លាប់ក្នុងពេលកំពុងឃុំឃាំង។ ក្នុងនោះមនុស្សប្រហែល ២០០នាក់បានស្លាប់ដោយសារការធ្វើទារុណកម្មនៅក្នុងមន្ទីរឃុំឃាំងយោធា។
លោកស្រី Shamdasanio បន្ថែមទៀតថា មនុស្សយ៉ាងហោចណាស់ ១១ ៧៨៧នាក់ត្រូវបានឃុំខ្លួនតាមអំពើចិត្ត ដែលបានបញ្ចេញមតិប្រឆាំងនឹងយោធាមិនថានៅក្នុងការតវ៉ាដោយសន្តិវិធីឬតាមរយៈសកម្មភាពតាមអ៊ីនធឺណិតក៏ដោយ។ ពួកគេមួយចំនួនត្រូវបានដោះលែងហើយ ៨ ៧៩២នាក់នៅតែស្ថិតក្នុងការឃុំឃាំងរហូតមកដល់ពេលនេះ។
សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា បានដាក់ទណ្ឌកម្មថ្មីលើយោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានភាពចលាចលមួយឆ្នាំ។ លោក Andrews បានអំពាវនាវជាថ្មីម្តងទៀតឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មទូលំទូលាយលើប្រទេសមីយ៉ាន់ម៉ា។
ទោះបីយ៉ាងណាក៏ដោយ កន្លងមករបបយោធាដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ាបានជំទាស់នឹងការប៉ាន់ប្រមាណកាលពីអតីតកាលស្រដៀងគ្នានៃចំនួនអ្នកស្លាប់ និងចំនួននៅក្នុងមន្ទីរឃុំឃាំងដែលធ្វើឡើងដោយក្រុមសិទ្ធិមនុស្ស៕