ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានគាំទ្រឱ្យសេវាដឹកជញ្ជូនម្ហូបអាហារគួរប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គីសនីជំនួសវិញ ដើម្បីគិតគូរដល់ផលប៉ះពាល់លើបរិស្ថាន។
ក្នុងជំនួបជាមួយគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជាលោកស្រីនាយិកា Alissar Chaker រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រៀបចំផែនទីបង្ហាញផ្លូវទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយសេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHAM24 ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនីជំនួសឱ្យម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។
ក្នុងនោះដែរ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដែលមានការគិតគូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ដំឡើងស្ថានីយសាកថ្មរថយន្តនៅតាមស្ថានីយឥន្ធនៈជាដើម។
លោកស្រីនាយិកា Alissar Chaker បានលើកឡើងអំពីនិន្នាការពិភពលោកឆ្ពោះទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួល អាកាសធាតុ គម្រោងកំពុងអនុវត្តទាក់ទងនឹងការដឹកជញ្ជូនប្រកបដោយចីរភាពដែលជាផ្នែកមួយនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការធានាបាននូវការរស់នៅប្រកបដោយបរិស្ថានល្អ និង បានស្នើយោបល់ឱ្យក្រសួងសហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រថយន្តដើរដោយថាមពលអគ្គិសនី និងជំរុញឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើបញ្ហានេះផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីត្រៀមការងារដំឡើងស្ថានីយសាកថ្ម Ev ចំនួនប្រាំទីតាំងរួមមាន៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ភ្នំពេញ) និងបណ្តារាជធានី-ខេត្តមួយចំនួនអាចជា ខេត្តបាត់ដំបង និងខេត្តសៀមរាប៕