ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេសលោក កុយ គួង ថាលោកមិនដែលជាប្រធានចលនាយុវជនជាតិខ្មែរនៃគណបក្ស សម រង្ស៊ី ម្ដងណានោះទេ ដោយស្នើដល់លោក សោ ចាន់ដេត ឱ្យបញ្ឈប់នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់បែបនេះ។
សមាជិកអតីតគណបក្សសង្គ្រោះជាតិលោក សោ ចាន់ដេត បានសរសេរនៅលើហ្វេសបុករបស់លោកដោយបានលើកឡើងថាអតីតសមាជិកបក្សសម រង្ស៊ី ដែលចូលជាមួយបក្សប្រជាជននៅតែមានឆន្ទៈគាំទ្រសម រង្ស៊ី ដដែលក្នុងនោះក៏មានលោក កុយ គួង ផងដែរដែលធ្លាប់ជាប្រធានចលនាយុវជនជាតិខ្មែរនៃគណបក្ស សម រង្ស៊ី។
ភ្លាមៗកាលពីយប់មិញលោក កុយ គួង បានឆ្លើយតបថា អ្នកទាំងអស់ដែលបានចាកចេញពីគណបក្សសម រង្ស៊ីតាំងពីដើមឆ្នាំ២០០៨ ស្ទើរតែភ្លេចឈ្មោះបុគ្គល សម រង្ស៊ី និងសហការីរបស់បុគ្គលនេះទៅហើយ។ លោកបានច្រានចោលពីការលើកឡើងថារបស់លោក សោ ចាន់ដេត និងថានេះជាការលាបព័ណ៌ដោយឥតអៀនខ្មាស់មួយ។
លោក កុយ គួង បានទទួលស្គាល់ថាលោកធ្លាប់ជាអតីតសមាជិកបក្ស សម រង្ស៊ី តែលោកបានមូលហេតុដែលលោកដើរចេញពីបក្សនេះដោយសារគណបក្សនេះគឺបានដើរផ្ទុយពីបាវចនាគណបក្ស ដឹកនាំផ្ទុយពីបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ប្រជាធិបតេយ្យ។ លោកបន្ថែមថា ក្រោយពីសមាជិកបក្សដើរចេញទ្រង់ទ្រាយធំកាលពីដើមឆ្នាំ២០០៨ បុគ្គល សម រង្ស៊ី បានចាត់ទុកក្រុមទាំងនោះថាជាសាច់ស្អុយដែលត្រូវកាត់ចេញ។
លោកសរសេរថា៖ «ពេលគេព្រមនៅជាមួយខ្លួន ហៅគេថា ជាមនុស្សសំខាន់មានតម្លៃ។ តែពេលគេមិនពេញចិត្តនឹងការដឹកនាំរបស់ខ្លួន ហើយដើរចេញ ហៅគេថា ជាសាច់ស្អុយដែលត្រូវកាត់ចោល»។
លោកយល់ថា ការបង្ហោះរបស់លោក សោ ចាន់ដេត គឺបានបង្ហាញថាប្រធានរបស់ខ្លួន(សម រង្ស៊ី) អស់ផ្លូវលែងមានអ្នកគាំទ្រទៀតហើយ ទើមកមកលាបព័ណ៌លើមនុស្សដែលដើរចេញពីបក្សខ្លួនតាំងពីឆ្នាំ២០០៨បែបនេះ។
លោកបានសរសេរបន្ថែមថា៖ «ខ្ញុំសូមផ្តាំទៅ បុគ្គល សោ ចាន់ដេត ថា បើឈប់បាន ឈប់ទៅ នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់បែបនេះ។ បងប្អូនទាំងអស់ដែលបានចាកចេញពីអតីតគណបក្សសម រង្ស៊ីតាំងពីដើមឆ្នាំ២០០៨ ស្ទើរតែភ្លេចឈ្មោះលោក និងសហការីរបស់លោកទៅហើយ»។
ជាមួយគ្នានេះ លោក កុយ គូង បានលើកឡើងថាគណបក្សប្រជាជនជាគណបក្សមួយដែលមានចិត្តទូលាយមានគុណធម៌ខ្ពស់ និងបានទទួលស្គាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ស្មើៗគ្នាដោយឥតរើសអើង ថាអ្នកចាស់ ឬអ្នកថ្មីឡើយ ថែមទាំងបានផ្តល់សេចក្តីទុកចិត្តប្រគល់ការងារជាច្រើនជូនអ្នកចូលរួមទាំងអស់ទាំងក្នុងក្របខណ្ឌគណបក្ស និងក្របខណ្ឌរាជការទៅតាមចំណេះជំនាញរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។
ក្រោយការឆ្លើយតបរបស់លោក កុយ គួង យើងមិនឃើញមានផុសរបស់ សោ ចាន់ដេត ទៀតទេក្នុងហ្វេសបុករបស់លោក៕