អង់គ្លេស៖ ជាថ្ងៃដែលសប្បាយរីករាយក្នុងការអបអរការឈ្នះពាន English Premier League ក៏ជាថ្ងៃដែលសោកស្តាយសម្រាប់អ្នកគាំទ្ររបស់ Manchester City ត្រូវលាខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បន្ទាប់ពីកីឡាកររូបនេះបានចំណាយពេល ១០ ឆ្នាំនៅទឹកដីអង់គ្លេស និងបានរួមចំំណែកយ៉ាងធំធេងជួយក្លិបឈ្នះពាន English Premier League ៥ លើក ឈ្នះពាន FA Cup មួយលើក League Cup ៣ លើក និង Community Shield ៣ លើក។
ក្រោយបញ្ចប់ការប្រកួតទល់នឹង Everton យប់មិញ អនាគតរបស់ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះត្រូវបានអ្នកចាត់ការ Pep Guardiola បង្ហើបថា គេនឹងផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញជាមួយ FC Barcelona ឆាប់ៗនេះ ហើយអតីតអ្នកចាត់ការរូបនេះក៏បាននិយាយទាំងសប្បាយចិត្តទៀតថា Aguero នឹងត្រូវចាប់ដៃគូជាមួយកីឡាករល្អជាងគេបំផុតលើលោកគឺ Lionel Messi។
មុនការចាកចេញពីទឹកដីអង់គ្លេស Sergio Aguero បានស៊ុតបញ្ចូលទី ២ គ្រាប់ក្នុងជ័យជំនះ ៥-០ លើ Everton មុនបិទរដូវកាលដែលជាគ្រាប់ទី ១៨៤ នៅ Premier League ជាមួយ Manchester City និងបានយកឈ្នះស្ថិតិរបស់ Wayne Rooney ដែលស៊ុតបាន ១៨៣ គ្រាប់អោយ Manchester United ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីក្នុងក្លិបតែមួយបានច្រើនគ្រាប់ជាងគេបំផុតនៅអង់គ្លេស។
រូបសំណាករបស់ Sergio Aguero នឹងត្រូវសង់ឡើងនៅកីឡដ្ឋាន Etihad ក្នុងនាមជាវិរៈបុរសរបស់ក្លិបម្នាក់ ជាពិសេសរូបភាពដែលមិនអាចបំភ្លេចបានគឺនៅពេលអតីតខ្សែប្រយុទ្ធ Atletico Madrid រូបនេះស៊ុតគ្រាប់ជ័យជំនះនៅនាទីទី ៩៣:២០ កាលពីឆ្នាំ ២០១១ លើកពានលីគកំពូលអង់គ្លេសលើកដំបូងតាំងពីឆ្នាំ ១៩៦៨ និងជាពាន English Premier League លើកដំបូង៕