ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះបញ្ជាក់ពីការគាំទ្ររបស់ប្រទេសជាសមាជិកអាស៊ានចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសប្រធានអាស៊ានអំពីប្រទេសមីយ៉ាន់ម៉ា និងប្រាប់ឱ្យមីយ៉ាន់ម៉ាឱ្យរៀបចំឱ្យមានដំណើរទស្សនកិច្ចប្រេសិតពិសេសឱ្យបានឆាប់ដើម្បីឱ្យកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានអាចអនុវត្តបានឆាប់។
ប្រធានអាស៊ាន បានបញ្ជាក់ថាក្នុងរយៈពេល១ឆ្នាំមកហើយដែលសមាជិកអាស៊ាននៅតែមានការព្រួយបារម្ភពីស្ថានភាពអំពើហិង្សា និងបញ្ហាជំនួយមនុស្សធម៌ដល់ប្រទេសនេះ។ ដោយបានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាត្រៀមខ្លួនជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយឈរលើកុងសង់ស៊ីសទាំងប្រាំ ចំណុចនិងធម្មនុញ្ញអាស៊ាន ជាមួយនឹងការយល់ដឹងថាសន្ដិភាពយូរអង្វែង និងការផ្សះផ្សាជាតិអាចសម្រេចបានតែតាមរយៈដំណោះស្រាយនយោបាយរួមរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះ។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានលើកឡើងថា៖ «ប្រទេសជាសមាជិកអាស៊ានសូមស្វាគមន៍ចំពោះការតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ាជួយសម្រួលដល់បេសកកម្មនានានៃប្រសិតប្រធានរបស់អាស៊ាន ដែលនឹងចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធសំដៅធ្វើឱ្យការអនុវត្តន៍កុងសង់ស៊ីសទាំង៥ចំណុចឈានទៅមុខ»។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាឱ្យបេសកជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ និង៨ខែមករា លោក មីន អោងលាំង បានសន្យានឹងសម្ដេចថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។
បន្ថែមពីលើការសន្យានេះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដល់លោក មីន អោងលាំង ជាថ្មីឱ្យរក្សានូវភាពអត់ធ្មត់និងគោរពការសន្យារបស់ខ្លួនក្នុងការអនុវត្តន៍កិច្ចព្រមព្រមព្រៀងជាឯកច្ឆ័ន្ទទាំង៥ចំណុចរបស់អាស៊ាន៕