ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រជាពលរដ្ឋមួយចំនួនប៉ះពាល់ជីវភាពបន្ទាប់ពីតម្លៃសាំងបន្តឡើងថ្លៃក្នុងឆ្នាំ២០២២

ភ្នំពេញ៖ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានប្រកាសពីការឡើងថ្លៃប្រេងឥន្ធនៈនៅក្នុងខែកុម្ភៈឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋមួយចំនួនបានលើកឡើងពីការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ខណៈសាំងធម្មតាមានតម្លៃ ៤ ៥០០រៀល ក្នុងមួយលីត្រ ឯប្រេងម៉ាស៊ូតមានតម្លៃ ៤ ២៥០រៀលនៅក្នុងមួយលីត្រ។

ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា តម្លៃសាំងឡើងថ្លៃនេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសអ្នកដែលរកស៊ីពឹងលើវិស័យដឹកជញ្ជូន។

អាជីវករលក់ផ្លែត្នោតស្រស់នៅមុខសាលាបឋមសិក្សាទួលគោក អ្នកស្រី វ័ន្ត សាម៉េង លើកឡើងថាការឡើងថ្លៃសាំងនេះបានប៉ះពាល់ទៅដល់ជីវភាពរបស់អ្នកស្រី ព្រោះអ្នកស្រីត្រូវដឹកជញ្ជូនផ្លែត្នោតពីខេត្តកំពង់ស្ពឺ យកមកលក់នៅភ្នំពេញរាល់ថ្ងៃដែលមានចម្ងាយឆ្ងាយ និងត្រូវការប្រើប្រាស់សាំងច្រើន។ អ្នកស្រីបន្តថានៅក្នុងមួយថ្ងៃអ្នកស្រីត្រូវចំណាយលើថ្លៃសាំងប្រហែលពីរម៉ឺនរៀល បើប្រៀបធៀបកាលពីពេលសាំងមិនទាន់ឡើងថ្លៃអ្នកស្រីចំណាយតែមួយម៉ឺនរៀលប៉ុណ្ណោះ។

អ្នកស្រីថា៖ «ឆ្នាំទៅយើងចាក់ក្នុងមួយថ្ងៃអស់តែ១ម៉ឺនរៀលអីទេជួនកាលតែ៩ពាន់ ប៉ុន្តែឆ្នាំនេះដឹងតែថាក្នុងមួយថ្ងៃ២ម៉ឺនរៀលជាង។ ខ្ញុំចាក់មួយថ្ងៃពីរដង ម្ដងបីលីត្រ អញ្ចឹងខ្ញុំចាក់ម្ដងអស់១ម៉ឺន ពីរដងអស់ពីរម៉ឺន។ វាមានផលវិបាកដែរ ព្រោះខ្ញុំរកស៊ីរាល់ថ្ងៃពឹងលើសាំងទាំងអស់ ព្រលឹមឡើងគឺត្រូវតែចាក់សាំងហ្មង ការចំណាយទៅលើសាំង ចង់ខ្លាំងជាងការចំណាយចាយវាយទៅលើម្ហូបអាហារ និយាយរួមទៅសាំងខ្លាំងជាងទឹកផឹកទៀត» ។

អ្នកដឹកជញ្ជូនឥវ៉ាន់តាមម៉ូតូលោក ម៉ាត់ សារី លើកឡើងថាបន្ទាប់ពីសាំងឡើងថ្លៃវាបានធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់លោក ព្រោះលោកត្រូវចំណាយច្រើនលើថ្លៃសាំង ឯចំណូលដែលលោកទទួលបានគឺមានកម្រិតទាបនៅឡើយ។ លោកបន្តថា នៅក្នុងមួយថ្ងៃលោកចាក់សាំងអស់ប្រាក់ពី ១ម៉ឺន៧ពាន់ ទៅ១ម៉ឺន៨ពាន់រៀល ខណៈនៅពេលសាំងមិនទាន់ឡើងលោកចំណាយអស់តែ ១ម៉ឺន១ពាន់ ទៅ១ម៉ឺន២ពាន់រៀលតែប៉ុណ្ណោះ។

លោកនិយាយថា៖ «វាប៉ះពាល់ដល់ចំណូល ដោយសារចំណូលរបស់ពួកខ្ញុំដឹកបានរាងតិច ហើយឥឡូវសាំងរាងឡើងថ្លៃ ណាមួយផ្លូវស្ទះ។ យើងបានចំណូលរាងតិច ដោយសារយើងកាត់ថ្លៃសាំងច្រើន»។

ចំណែកឯអ្នករត់តាក់ស៊ីម្នាក់លោក ស៊ី ដេត លើកឡើងថាការឡើងថ្លៃសាំងគឺបានប៉ះពាល់ដល់ជីវភាពរបស់លោកដូចប្រជាពលរដ្ឋដទៃដែរ។ លោកបន្តថា កាលពីមុនលោកចាក់សាំងក្នុងមួយថ្ងៃ ១០ដុល្លារ តែលោករត់តាក់ស៊ីបានច្រើនជើង តែឥលូវលោកចាក់ក្នុងមួយថ្ងៃ ១០ដុល្លារដូចគ្នា តែចំនួនសាំងត្រូវបានកាត់បន្ថយព្រោះតម្លៃមានការឡើងថ្លៃ។

លោកនិយាយថា៖ «វាពិបាកដែរ ដោយសារយើងរត់ទៅបានតិចហើយចាក់សាំងអស់ច្រើនវាប៉ះពាល់ដែរ។ ខ្ញុំចាក់(សាំង)អស់១០ដុល្លារសម្រាប់រត់(តាក់ស៊ី)។ (កាលមុន)ចាក់ប៉ុណ្ណឹងដូចគ្នាតែជិះបានយូររត់បានលុយច្រើន តែឥឡូវយើងចាក់ប៉ុណ្ណឹងតែរត់អត់បានលុយច្រើនទេអត់សូវចំណេញទេ។ សម្រាប់សាំងគឺអស់ច្រើនដែរហ្នឹងដោយសារខ្ញុំអត់ចតមួយកន្លែង ខ្ញុំជិះខ្លះអញ្ចឹងទៅវាអស់ច្រើនដែរក្នុងមួយថ្ងៃហ្នឹងរត់បានលុយមកទប់តែថ្លៃសាំងហ្នឹង ហើយបង់ថ្លៃចាប់ម៉ូយឱ្យគេទៅសល់តិចតួច»។

ចំណែកអ្នករត់ម៉ូតូកង់បីម្នាក់នៅមុខសាលាទួលគោកលោក ឌុច គឹមថន លើកឡើងថាបញ្ហានេះគឺជាបញ្ហាសកលទៅហើយ។ ម្យ៉ាងទៀតមុខរបររបស់លោកតិចតួច ដូចនេះវាមិនមែនជាបញ្ហាអ្វីខ្លាំងនោះទេ។

លោកនិយាយថា៖ «វាប៉ះពាល់ដែរ តែធ្វើម៉េចបើវាជា(បញ្ហា)សកលទៅហើយ វាមិនមែនតែយើង យើងមានតែតាមបែបបទអញ្ចឹងទៅ ធ្វើម៉េចបើវាបែបហ្នឹងទៅហើយ។ ខ្ញុំរកស៊ីតិចតួចទេ អញ្ចឹងវាប៉ះពាល់តិចតួចទេ មិនច្រើនទេ តែបើដូចជាឡានតាក់ស៊ីអីគឺវាអាចប៉ះពាល់ខ្លាំងដែរ ព្រោះគេរត់ផ្លូវឆ្ងាយ»។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងឥន្ធនៈនឹងបន្តឡើងថ្លៃចាប់ពីថ្ងៃទី១-១៥ ខែកុម្ភៈ ដោយប្រេងសាំងធម្មតាឡើងដល់ ៤ ៥០០រៀល ឬ១,១១ដុល្លារក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតឡើងដល់ ៤ ២៥០រៀល ប្រហែល១ដុល្លារក្នុងមួយលីត្រ។ នេះជាការឡើងថ្លៃប្រេងជាលើកទី៣ជាប់ៗគ្នាក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម តម្លៃសាំងធម្មតានៅថ្ងៃទី១ ខែមករា មានតម្លៃ ៤.២០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត ៣៨០០រៀលក្នុងមួយលីត្រ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក