អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃចន្ទ ទី៣១ ខែមករា មួយថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃរដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ា មេដឹកនាំយោធាលោក មីន អោងលាំង បានបន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល៦ខែទៀត ដោយផ្អែកលើមូលដ្ឋាននៃការសម្របសម្រួលការបោះឆ្នោតដែលបានសន្យា។
រដ្ឋាភិបាលយោធាសន្យាថា នឹងខិតខំរៀបចំការបោះឆ្នោតថ្មីនៅពេលដែលស្ថានការណ៍មានសន្តិភាព និងស្ថិរភាពដោយមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់នោះទេ។
លោក មីន អោងលាំង បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «វាចាំបាច់ដើម្បីកំណត់ផ្លូវត្រឹមត្រូវសម្រាប់លទ្ធិប្រជាធិបតេយ្យពហុបក្សដែលមានវិន័យពិតប្រាកដ»។
គិតត្រឹមរយៈពេលមួយឆ្នាំដែលយោធាបានបង្រ្កាប មានមនុស្សយ៉ាងហោចណាស់១ ៥០០នាក់ស្លាប់ និងចាប់ខ្លួន ១១ ៨៣៨នាក់ នេះបើយោងតាមសមាគមជំនួយអ្នកទោសនយោបាយ ដែលជាក្រុមសកម្មជនដែលដកស្រង់ដោយអង្គការសហប្រជាជាតិ។
ប្រទេសដែលមានទីតាំងនៅអាស៊ីអាគ្នេយ៍មួយនេះមានភាពវឹកវរចាប់តាំងពីម្ចាស់ជ័យលាភីណូបែលលោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនផ្សេងទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីត្រូវបានចាប់ខ្លួន ដែលត្រូវបានចោទប្រកាន់ដោយរបបយោធាថាបានក្លែងបន្លំការបោះឆ្នោតឆ្នាំ២០២០៕