ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៦នាក់ ក្នុងនោះស្រី ១នាក់ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង ធ្វើទារុណកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់។
ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹងថា មនុស្សទាំង ៦នាក់ត្រូវឃាត់ខ្លួនកាលពីយប់ម៉ោង ១០ៈ៣០នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបើកឡានបំបុក ប៉ារ៉ាសត្រួតពិនិត្យរបស់សមត្ថកិច្ចក្នុងស្រុកព្រៃនប់ ព្យាយាមរត់គេចខ្លួន។ ក្រោយហេតុការណ៍កម្លាំងនគរបាលបានដេញតាមនិងស្ទាក់ចាប់បាន។
ក្នុងការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញ កាំភ្លើងហ្គាស ២ដើម ខ្នោះដៃចំនួន ១១គូ ដំបងឆក់ ២ដើម និងពិលឆក់ ៣ដើមផងដែរ។
ក្រោយឃាត់ខ្លួនពួកគេបានសារភាពថា បានធ្វើសកម្មភាពចាប់ជម្រិតស្ត្រីជនជាតិវៀតណាម ៣នាក់នៅភ្នំពេញ បានប្រាក់ជាង ៣៥ ០០០ ដុល្លារអាមេរិកកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មុននឹងរត់គេចខ្លួនមកខេត្តព្រះសីហនុ។
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវលើករណីនេះបន្ថែម៕