ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នៅប្រទេសកូរ៉េខាងត្បូង។ ក្រុមការងារ EAC News បានចុះសម្ភាសន៍ផ្ទាល់ជាមួយពលរដ្ឋ និងសិស្សនិស្សិតលើការយល់ឃើញរបស់ពួកគេលើការទទួលជ័យលាភីនេះ ហើយចម្លើយគឺស្រដៀងគ្នាថាពួកគេពេញចិត្តនឹងសន្ដិភាពដដែលទទួលបាន ហើយសម្ដេចតេជោគឺស័ក្ដិសមនឹងទទួលកិត្តិយសនេះ។
និស្សិតជំនាញ គណិតវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សួន សិរីវឌ្ឍនៈ បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពមែនទែន ដែលបានលឺព័ត៌មាននេះ ព្រោះថាក្រោមការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន កន្លងមកនេះមានស្ថិរភាព សន្តិភាព ការរីកចម្រើនគ្រប់វិស័យ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ជាពិសេសគាត់បានរំដោះប្រជាពលរដ្ឋកាលពីឆ្នាំ ១៩៧៩ ចេញពីរបបប៉ុលពត ដែលធ្វើឱ្យកម្ពុជា រស់រានឡើងវិញដែលជាជីវិតទី ២ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមាន សន្តិភាព មានស្ថិរភាពដល់សព្វថ្ងៃនេះ»។
ជាមួយគ្នានេះនិស្សិតជំនាញព័ត៌មានវិទ្យា លោក សុខ ចិន្តា ក៏បានសម្តែងចំណាប់អារម្មណ៍ស្រដៀងគ្នានេះផងដែរថា៖ «ក្នុងនាមខ្ញុំជានិស្សិតម្នាក់ ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលនាយករដ្ឋមន្ត្រីទទួលបានពានរង្វាន់ស៊ុនហាក់ក្នុងឆ្នាំ ២០២២នេះ»។
ជាអ្នកលក់ដូរភេសជ្ជៈតាមដងផ្លូវ អ្នកស្រី ជុន ស្រីម៉ៅ អាយុ ៣៦ឆ្នាំ ក៏បានសម្តែងក្តីរំភើបដែលថ្នាក់ដឹកនាំទទួលបានពានរង្វាន់សន្តិភាពនេះដែរ ដោយថា៖ «ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំដែលធ្វើ ឱ្យមានសន្តិភាពតាំងពីដើមមក។ ហើយសូមផ្តាំផ្ញើរដល់ពលរដ្ឋខ្មែរទាំងអស់ចេះជួយគ្នា ស្រលាញ់គ្នា ជាពិសេសគាំទ្ររដ្ឋាភិបាលបន្តទៀត»។
ជាអ្នករត់រម៉កកង់បីលោក ពេជ្រ គុណ អាយុ ៥០ឆ្នាំ បាននិយាយថា សម្តេចតេជោសាកសមនឹងទទួលបានពានរង្វាន់សន្តិភាពនេះ ព្រោះសម្តេចបានធ្វើការដឹកនាំប្រទេសទទួលបានសន្តិភាព និងមានការអភិវឌ្ឍន៍ ដែលអាចផ្តល់ឳកាសឱ្យប្រជាពលរដ្ឋអាចប្រកបរបបរកស៊ីបាន។
លោកបាននិយាយថា៖ «ចឹងបានថាខ្ញុំសូមផ្តាំផ្ញើរទាំងអស់ ប្រជាជននៅស្រុកយើងវាសម្បូរសប្បាយហើយ មិនបាច់ទៅណាទេ ព្រោះអីអាចរកស៊ីបាន។ ខ្ញុំសូមផ្តាំទាំងអស់គ្នា ប្រជាពលរដ្ឋទាំងអស់យើងជួយរួបរួមគ្នាកសាងសន្តិភាព ដូចយើងទៅណាមកណាត្រូវគោរព ដូចសម្តេចតេជោគាត់លើកឡើងមកមិនខុសទេដោយធ្វើតាមគាត់នឹងបានសម្បូរសប្បាយ»។
សម្ដេចតេជោ នឹងអញ្ចើញទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ប្រធានមូលនិធិសន្ដិភាពស៊ុនហាក់លោក Tomash G. Walsh បានលើកឡើងថា ការជ្រើសរើស សម្ដេចតេជោ សម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិ ដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ពានរង្វាន់ សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន៕