
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ខាងមុន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី
(ភ្នំពេញ) ក្នុងសំណេរផេកផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះបានឱ្យដឹងថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ នាយករដ្ឋមន្ត្រីត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងលើកទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។
ក្នុងសំណេរបានបញ្ជាក់ទៀតថានៅថ្ងៃទី២៤ មេសា ២០២១ សម្តេចនឹងត្រូវចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ សម្តេចតេជោនឹងត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលអញ្ជើញដល់ផ្ទះ សម្តេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។
សម្តេចតេជោបានបញ្ជាក់ដូច្នេះដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្តេចត្រូវឱ្យភរិយារបស់សម្តេចនាំកូននិងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងសំណេរបានបន្តទៀតថាមានអ្នកជូនយោបល់សម្តេចតេជោថា ដោយសារសម្តេចបានចាក់វ៉ាក់សាំងរួចហើយ សម្តេចគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ ប៉ុន្តែសម្តេចតេជោបានប្រាប់ទៅមន្ត្រីវិញថា សម្តេចចង់ធ្វើឱ្យប្រាកដថា សម្តេចមិនមានវិជ្ជមានកូវីដ-១៩ នោះទេព្រោះសម្តេចត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់សម្តេចទាំងតូចទាំងធំតែងមកលេងច្របាច់ជើងនិងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា៕