ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានសម្រេចឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួន១១នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុនលើជនជាតិចិនប្រុសស្រី២នាក់រួចយកសពទៅកប់ចោលនៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់។
យោងតាមរបាយការណ៍របស់នគរបាលខេត្តព្រះសីហនុឱ្យដឹងថា មនុស្សទាំង១១នាក់ត្រូវឃាត់បានជាបន្តបន្ទាប់ពីចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ ពួកគេត្រូវសង្ស័យលើករណី ឃាតកម្ម គិតទុកជាមុន (សម្លាប់រួចយកសាកសពទៅកប់ចោល) ចំនួន០២ទីតាំងផ្សេងពីគ្នា ដែលមានជនរងគ្រោះ០២នាក់ (ស្រីប្រុស) កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ និងចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូលសន្និធិអាវុធដោយខុសច្បាប់។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែមករា ស្នងការនគរបាលខេត្តព្រះសីហនុបានទទួលព័ត៌មានពីការប្រទះឃើញ សាកសពដែលគេកប់ក្នុងដីដែលមានសភាពហើយស្អុយចំនួន០២ទីតាំងផ្សេងពីគ្នា ដែលទីតាំងទី១នៅចំណុចខាងក្រោយ ឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលមានជនរងគ្រោះឈ្មោះ LI HONG ហៅ Da Da ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩២ និងទីតាំងទី២ នៅចំណុច ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានជនរងគ្រោះជាស្ត្រី អាយុប្រហែលជា២០ឆ្នាំ ទៅ២៥ឆ្នាំ មានកំពស់១,៥៥ម៉ែត្រ សម្បុរស សក់ពណ៌ទង់ដែង និងមិនទាន់កំណត់បានអត្តសញ្ញាណបាននៅឡើយ។
នគរបាលបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីអំពើឃាតកម្មក្នុងករណីតែមួយ ដោយជនសង្ស័យបានសម្លាប់ជនរងគ្រោះ រួចទើបយកសាកសពទៅកប់ចោល៕