ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថាកាលពីយប់មិញថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេចបានជួបពិភាក្សាការងារ និងហូបបាយជាមួយអនាគតរដ្ឋមន្ត្រី និងអនាគតឧបនាយករដ្ឋមន្ត្រី។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឬស្សីកែវនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោបានថ្លែងថា៖ «ម្សិលមិញជួបក្មេងៗ និយាយរួមជួបអនាគតឧបនាយករដ្ឋមន្ត្រី អនាគតរដ្ឋមន្ត្រីស្អីៗនោះ។ ហើយក៏បាយជាមួយក្មេងៗហ្នឹងទៅ»។
ទោះជាយ៉ាងណាសម្ដេចមិនបានបញ្ជាក់ថាជួរគណរដ្ឋមន្ត្រីថ្មីមានអ្នកណាខ្លះនោះទេ។
ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆ័ន្ទបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
រាជរដ្ឋាភិបាលកម្ពុជាមានក្រសួងដែលជាក្បាលម៉ាស៊ីនដឹកនាំតាមវិស័យនានាចំនួន២៨ និងរដ្ឋលេខាធិការដ្ឋានចំនួន១៕