អន្តរជាតិ៖ អាជ្ញាធរថៃកំពុងប្រញាប់ប្រញាល់ទប់ស្កាត់ករណីលេចធ្លាយប្រេងនៅភាគខាងកើតប្រទេសថៃដោយសារបំពងប្រេងនោះប៉ះជាមួយនឹងផ្កាថ្ម បើមន្ត្រីបាននិយាយកាលពីថ្ងៃទី៣០ ខែមករា ថាប្រេងនេះបានលេចធ្លាយហើយបានចាប់ផ្តើមរសាត់ឆ្ពោះទៅកាន់តំបន់ឆ្នេរជាច្រើនទៀត។
ឆ្នេរនៅភាគខាងកើតប្រទេសថៃត្រូវបានប្រកាសថាជាតំបន់គ្រោះជាងគេកាលពីថ្ងៃសៅរ៍ ខណៈដែលប្រេងដែលលេចចេញពីបំពង់បង្ហូរប្រេងក្រោមទឹកក្នុងឈូងសមុទ្រថៃបានបន្តបោកបក់លើច្រាំង និងធ្វើឱ្យខ្សាច់ប្រែជាពណ៌ខ្មៅ ហើយឈានដល់ឆ្នេរនៃខេត្តរ៉ាយ៉ុងហើយពេលនេះ។
អភិបាលខេត្តមួយនៅភាគខាងកើតប្រទេសថៃកាលពីថ្ងៃសៅរ៍បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាតឆ្នេរដែលរងគ្រោះដោយប្រេងរំអិលនេះ។
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Varawut Silpa-archa មានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ក្នុងការព្យាយាមទប់ស្កាត់បរិមាណប្រេងសំខាន់ៗមិនឲ្យចូលច្រាំងនៅអូរប្រាវ ឈូងសមុទ្រតូចមួយនៅលើកោះសាម៉េត ដែលជាកោះរមណីយដ្ឋានដ៏ពេញនិយមមួយ។
លោក Varawut បាននិយាយថា៖ «ប្រសិនបើប្រេងបានទៅដល់ខាងក្នុងតំបន់នេះ វាអាចប៉ះពាល់ដល់ឆ្នេរ និងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្កាថ្មទឹករាក់»។
គួរបញ្ជាក់ថា ប្រេងបានចាប់ផ្តើមធ្លាយចេញពីបំពង់បង្ហូរប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុន Star Petroleum Refining Public Company Limited (SPRC) កាលពីល្ងាចថ្ងៃអង្គារ។ ប្រេងប្រហែល ៥០ ០០០លីត្រ បានហូរចូលទៅក្នុងមហាសមុទ្រចម្ងាយ ២០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងកើតប្រទេសថៃ។
ឆ្នេរ Mae Ramphueng ក្នុងខេត្ត Rayong ត្រូវបានប្រកាសជាតំបន់រងគ្រោះជាងគេ បន្ទាប់ពីប្រេងមួយចំនួនបានចូលច្រាំងនៅទីនោះកាលពីល្ងាចថ្ងៃសុក្រ។
កងទ័ពជើងទឹកបាននិយាយថា បច្ចុប្បន្នបុគ្គលិក SPRC ប្រហែល ១៥០នាក់ និងបុគ្គលិកកងទ័ពជើងទឹក ២០០នាក់ត្រូវបានគេដាក់ពង្រាយដើម្បីសម្អាតឆ្នេរ ដោយប្រើនាវាកងទ័ពជើងទឹក១២គ្រឿង និងកប៉ាល់ស៊ីវិល៣គ្រឿង រួមជាមួយនឹងយន្តហោះជាច្រើនគ្រឿងក៏កំពុងធ្វើការដើម្បីទប់ស្កាត់៕