ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សារធាតុគីមីផ្សំគ្រឿងញៀនដែលចាប់បានក្នុងឆ្នាំ២០២១កើនជាង ១០០០%

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅសមត្ថកិច្ចចាប់បានសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀនបានជាង៨៤តោនកើនជាង១ពាន់ភាគរយបើធៀបនឹងឆ្នាំ២០២០។

សរសេរនៅលើហ្វេសបុកផេកផ្ទាល់ខ្លួន សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីបារម្ភចំពោះការកើនឡើងនៃការនាំចូលគ្រឿងញៀន និងគ្រឿងផ្សំថ្នាំញៀនមកកម្ពុជា ដោយថានៅឆ្នាំ២០២១កន្លងទៅ កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់បណ្ដាមកពីគ្រឿងញៀន។ សម្ដេចថាបញ្ហានេះនឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ។

សម្ដេចក្រឡាហោមសរសេរថា៖ «ខ្ញុំធ្លាប់បញ្ជាក់ជូនហើយថាបញ្ហាកូវីដ-១៩នេះ ថ្វីដ្បិតថាពេលនៅមិនទាន់មានការថមថយ ប៉ុន្តែវាទំនងជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខាន ឡើយប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ ដោយសារក្រុមឧក្រិដ្ឋជននៅតែបន្តរិះរកវិធីសាស្ត្រថ្មីៗដើម្បីផលិត និងចែកចាយ»។

សម្ដេចក្រឡាហោម បានបង្ហាញទិន្នន័យនៃការបង្ក្រាបរបស់សមត្ថកិច្ចលើឧក្រិដ្ឋជនគ្រឿងញៀនក្នុងឆ្នាំ២០២១ថា បានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៦៣០៨ករណី ថយចុះ៤ ១៥៣ករណីបើធៀបនឹងឆ្នាំ២០២០ និងបានឃាត់ខ្លួនជនសង្ស័យសរុប ១៣ ៩៧៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូររក្សាទុក ៨៦៧២នាក់ ប្រើប្រាស់គ្រឿងញៀន៥២៦៤នាក់ ដាំដុះ៩នាក់ និងកែច្នៃ៣៤នាក់។ ក្នុងចំណោមជនសង្ស័យនោះ មាន៣៦៥នាក់ជាជនបរទេស។

សម្ដេចក៏បានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០២១ សមត្ថកិច្ចចាប់យកគ្រឿងញៀនសរុបជាង ៤តោននិង៦៨៩គីឡូក្រាមនិងបង្ក្រាបបានកញ្ជាស្រស់ដោយបានកាប់បំផ្លាញបានចំនួន ៥៣ ១៨៧ដើម កញ្ឆាក្រៀមជាង១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង៨៤តោន កើនជាង១ពាន់ភាគរយ។

ក្រៅពីឃាត់ខ្លួន និងចាប់បានគ្រឿងញៀន សមត្ថកិច្ចក៏ដកហូតអាវុធវែងខ្លីចំនូន៧៩ដើមពីក្រុមឧក្រិដ្ឋជនផងដែរ។

សម្ដេចបានបញ្ជាក់ថា៖ «ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ» ។

សម្ដេចក្រឡាហោម បានអំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នាដោយ កុំពាក់ព័ន្ធនឹងគ្រឿងញៀន កុំរារាំងការអនុវត្តន៍ច្បាប់លើឧក្រិដ្ឋជនគ្រឿងញៀន កុំលើកលែងចបន្ថូរបន្ថយចំពោះឧក្រិដ្ឋជនគ្រឿងញៀន និងត្រូវរាយការណ៍ដល់សមត្ថកិច្ចនូវមុខសញ្ញាគ្រឿងញៀនទាំងអស់។

កាលពីថ្ងៃទី២៥ ខែមករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានស្ដីបន្ទោសដល់ការមិនសហការគ្នារវាងមន្ត្រីជំនាញគ្រឿងញៀន និងក្រសួងមួយដែលផ្ដល់អាជ្ញាប័ណ្ណធ្វើឱ្យក្រុមជួញដូរគ្រឿងញៀននាំយកសារធាតុមកផ្សំគ្រឿងញៀនបានរហូតចាប់បានជាង១០០តោនកាលពីចុងសប្ដាហ៍ទី៣នៃខែមករា។

សម្ដេចបានជំរុញដោយមិនបញ្ចេញឈ្មោះឱ្យរដ្ឋមន្រ្តីក្រសួងមួយដែលផ្ដល់អាជ្ញាប័ណ្ណនាំចូលឱ្យគិតពីបញ្ហានេះឡើងវិញ ដោយថាបើមិនពិនិត្យទេលោករដ្ឋមន្ត្រីរូបនោះត្រូវជាប់ជំពាក់ជាមួយប្រជាជនកម្ពុជាទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ។ ក្រោយមួយថ្ងៃរដ្ឋមន្ត្រីកសិកម្ម បានបញ្ជាឱ្យអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងបង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលអាចយកមកលាយឡំផលិតគ្រឿងញៀន ដោយតម្រូវឱ្យមានការសហការជាមួយអាជ្ញាធរគ្រឿងញៀនដើម្បីពិនិត្យលើសមាធាតុជីគីមីនិងថ្នាំទាំងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក