ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថាពេលនេះនៅកម្ពុជាលែងរកឃើញជំងឺកូវីដ-១៩ ប្រភេទដែលតា និងអាល់ហ្វាហើយ ដោយជំនួសមកវិញដោយប្រភេទអូមីក្រុង។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឬស្សីកែវ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាមានករណីឆ្លងអូមីក្រុងក្នុងសហគមន៍ ច្រើនជាងករណីនាំចូលទៅទៀត ហើយអូមីក្រុងក៏បានឆ្លងនៅតាមបណ្តាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ។ សម្ដេចតេជោ ជំរុញដល់ពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញទាំងអស់គ្នា រួមទាំងអនុវត្តន៍វិធានការសុខាភិបាលទៀងទាត់។
សម្តេចបានថ្លែងថា៖ «នៅកម្ពុជាបច្ចុប្បន្នដែលតា និងអាល់ហ្វាអស់ហើយនៅតែអូមីក្រុងទាំងអស់។ អូមីក្រុងពិតមែនតែវាមិនស្លាប់មនុស្ស តែវាឆ្លងលឿន។ មកដល់ពេលនេះយើងមានជាង៨០០ករណីតែមានជាខ្លះ។ ហើយយើងអនុញ្ញាតឱ្យទៅព្យាបាលនៅតាមផ្ទះ»។
បើតាមសម្ដេចតេជោ កាលពីម្សិលមិញក្រសួងសុខាភិបាលរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងចំនួន៥៦នាក់ ដែលក្នុងនោះមានករណីនាំចូលតែ៩ករណីប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២១,២៩៩នាក់ អ្នកជាសះស្បើយចំនួន ១១៧,៤២៦នាក់ និងស្លាប់ចំនួន ៣,០១៥នាក់៕