លោក ហ៊ុន ម៉ានី ថាពានរង្វាន់ស៊ុនហាក់ដែលសម្ដេចតេជោទទួលបានជាការបង្ហាញពីសមិទ្ធផលសន្តិភាពដែលកម្ពុជាទទួលបាន
ភ្នំពេញ៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានសម្តែងនូវការអបអរសាទរជូនចំពោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ នៃសាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ប្រចាំឆ្នាំ២០២២។ លោកថា ពានរង្វាន់ដែលសម្ដេចទទួលបាននេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។
លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាការលះបង់របស់សម្ដេចតេជោចំពោះសន្តិភាពកម្ពុជាគឺត្រូវបានអន្តរជាតិមើលឃើញនិងឱ្យតម្លៃ។
លោកសរសេរថា៖ « សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពីស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ទទួល ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ប្រធានមូលនិធិសន្ដិភាពស៊ុនហាក់លោក Tomash G. Walsh បានលើកឡើងថា ការជ្រើសរើស សម្ដេចតេជោ សម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕