ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

សម្ដេចតេជោ៖ ដំណើរការនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គមមិនត្រូវត្រលប់ថយក្រោយវិញទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល និងនាគ្នាទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីបន្តរក្សាបាននូវភាពស៊ាំសហគមន៍និងធានាបាននូវកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញ ប្រកបដោយសុវត្ថិភាព និងមិនត្រលប់ថយក្រោយវិញ។

ក្នុងពិធីប្រគល់នឹងទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ៣០ម៉ឺនដូសពីសាធារណរដ្ឋប៉ូឡូញដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងគឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាល និងការឈានដល់បញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩។ សម្ដេចបន្ថែមថា ដោយលើកឡើងពីភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា ដែលបានធ្វើឱ្យកម្ពុជាអាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ បានទាំងស្រុងកាលពីចុងឆ្នាំមុន។

សម្ដេចបានថ្លែងថា៖ «ភាពជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងលើសការរំពឹងទុក។ ជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងកើនរហូតដល់៣% ក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករណ៍ថាបន្តកើនឡើងជាង៥% នៅក្នុងឆ្នាំ២០២២ តាមរយៈការបើកប្រទេសពេញលេញ និងការត្រលប់ទៅរកការដំណើរការជាប្រក្រតីឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច នៅក្នុងគ្រប់វិស័យ» ។

កម្ពុជាបានបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពី១០ខែនៃការឆ្លងរាលដាល។ ទោះជាយ៉ាងណា ការឆ្លងរាលដាលមេរោគបំប្លែងថ្មីអូមីក្រុងនៅលើពិភពលោកបានធ្វើឱ្យរដ្ឋាភិបាលមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមដល់ពលរដ្ឋគឺជាអាទិភាពសំខាន់។

សម្ដេចតេជោបានអរគុណដល់សាធារណរដ្ឋប៉ូឡូញដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងការពារកូវីដ-១៩នេះដល់កម្ពុជា។

សម្ដេចតេជោថា៖ «ជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស»។

កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដែលគិតមកដល់ពេលនេះមានមនុស្សប្រមាណ ៤៤នាក់ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងជំរុញដូសទី៤នេះ។

ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងជាតំណាងឱ្យសាធារណរដ្ឋប៉ូឡូញ លោកស្រី ខាមែន ម៉ូរេនូ (Carmen Moreno) បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពក្នុងការលើកកម្ពស់ប្រព័ន្ធសុខាភិបាល ដែលបានជួយការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកស្រីបានបន្ថែមថា៖ «សព្វថ្ងៃនេះ ប្រទេសកម្ពុជា គឺជាប្រទេសដែលបានវ៉ាក់សាំងច្រើនជាងគេបំផុតលើពិភពលោក ហើយឆ្ពោះទៅរកការបើកដំណើរការដោយសុវត្ថិភាព។ ការចែកចាយវ៉ាក់សាំងដែលយើងធ្វើជាសាក្សីនៅទីនេះ នៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុបជាមួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ហើយនឹងបន្តគាំទ្រប្រទេសក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព»។

 បច្ចុប្បន្នកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានប្រមាណ ៩០ភាគរយនៃប្រជាជនសរុបប្រមាណ ១៦លាននាក់ ដែលធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពស្ថិតក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្កម-សេដ្ឋកិច្ចកម្ពុជាបាន។ វ៉ាក់សាំងដែលប្រើប្រាស់នៅកម្ពុជាមាន Sinopharm, AstraZeneca, Sinovac, Janssen, Mondena, និងPfizer៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក