ភ្នំពេញ៖ ប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូត្រុង បានឯកភាពបន្តធ្វើការពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាទាំងក្នុងតំបន់ និងអន្តរជាតិ។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក ង្វៀន ភូត្រុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ទាំងសម្ដេចតេជោ និងលោក ង្វៀន ភូត្រុងបានសម្ដែងនូវការសាទរចំពោះសមិទ្ធផលនៃប្រទេសទាំងពីរបានសម្រេចបាន ដោយលោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានអបអរដល់ការអនុវត្តសេចក្ដីសម្រេចនៃសមាជទី១៣របស់បក្សប្រជាជនកម្ពុជា ក៏ដូចជាភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩របស់រដ្ឋាភិបាលកម្ពុជា ខណៈប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ បានលើកពីជោគជ័យរបស់បក្សកុម្មុយនិស្តក្នុងវិស័យការពារជាតិ ការកសាង និងការធ្វើកំណែទម្រង់ជាតិ។
ជំនួបតាមទូរស័ព្ទនេះធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម និងក្នុងឱកាសនៃខួបលើកទី៩២ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម ដោយសម្ដេចតេជោបានជូនពរដល់លោក ង្វៀន ភូត្រុង រួមទាំងថ្នាក់ដឹកនាំបក្ស ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាជនវៀតណម ឱ្យទទួលបាននូវសុខភាពល្អ សុភមង្គល វិបុលភាព និងជោគជ័យគ្រប់ភារកិច្ច។
លោក ង្វៀន ភូត្រុង បានថ្លែងអំណរគុណចំពោះពាក្យជូនពររបស់សម្ដេចតេជោ ហ៊ុន សែន និងបានចាត់ទុកការជូនពរនេះជាសក្ខីភាពនៃ ទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ ដែលធ្វើឱ្យចំណងមិត្តភាពដ៏ស្និទ្ធស្នាលជាប្រពៃណី កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ លោកមានជំនឿថាប្រទេសកម្ពុជានឹងសម្រេចជោគជ័យជាបន្តបន្ទាប់ថែមទៀត ទាំងការអភិវឌ្ឍន៍ដឹកនាំជាតិ និងការជោគជ័យក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ រួមទាំងការដឹកនាំអាស៊ាននៅឆ្នាំនេះផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានពីជំនួបនេះបានលើកឡើងថា៖ «ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តថា ទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរបាននិងកំពុងពង្រឹង និងធ្វើឱ្យមានភាពស៊ីជម្រៅបន្ថែមទៀត ដោយមាននូវសមិទ្ធផល សំខាន់ៗជាច្រើនលើវិស័យនានាដើម្បីចូលរួមចំណែកថែរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងពីរ ក៏ដូចជាការនាំមកនូវផលប្រយោជន៍ជាក់ស្ដែង ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
ប្រធានបក្សប្រជាជនកម្ពុជាសម្ដេចតេជោ និងលោកអគ្គលេខាធិកាបក្សកុំម្មុនិស្តវៀតណាម បានឯកភាពគ្នាគណបក្ស និងប្រទេសទាំងពីរចាំបាច់ត្រូវរក្សានិរន្តរភាពនៃចំណងទំនាក់ទំនងដែលសម្រាប់ឱ្យប្រកបដោយស័ក្កិសិទ្ធភាព និងបន្តពង្រឹងធ្វើការជាមួយគ្នាលើកម្ពស់កិច្ចសហការទ្វេរភាគីគ្រប់វិស័យដោយមើលទៅលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមក។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា៖ «ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែស៊ីជម្រៅ បន្តពង្រឹងសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្ដិសុខ លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរវាងគ្នាដើម្បី ជំរុញការអភិវឌ្ឍរួម ជំរុញការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាទាំងក្នុងតំបន់ និងអន្តរជាតិ» ។
កម្ពុជា-វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចំនួន៥៥ឆ្នាំហើយ (១៩៦៧-២០២២) ក្នុងទំនាក់ទំនងនេះមានទាំងល្អ និងអាក្រក់ជាមួយគ្នា ទោះជាយ៉ាងណាក្រោយការរំដោះប្រទេសចេញពីរបបខ្មែរក្រហមចំណងទំនាក់ទំនងប្រទេសទាំងពីរបានក្លាយជាចំណងទំនាក់ទំនងសហប្រតិបត្តិការនិងជួយគ្នាដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចាត់ទុកគ្នាថាជាមិត្ត ជាបងប្អូន និងអ្នកជិតខាងល្អថែមទៀតផងដែរ៕