កំពង់ស្ពឺ៖ សមាជិកសភាវ័យក្មេង លោក ហ៊ុន ម៉ានី ឱ្យដឹងថាពហុកីឡដ្ឋានខេត្តកំពង់ស្ពឺបានសម្រេចការសាងសង់បានប្រមាណ៧០%ហើយ ដោយក្រុមការងារកំពុងរៀបចំបង្គោលភ្លើងជុំវិញទីលាន។ លោកជឿជាក់ថា ពហុកីឡដ្ឋានថ្មីនេះជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡា។
លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេករបស់លោកនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះថា៖ «តាមរយៈគំនិតផ្តួចផ្តើមជាមួយក្រុមការងារ កន្លងមក ខ្ញុំជឿជាក់ថា កីឡាដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត។ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីសន្លាងមួយក្នុងពេលឆាប់ៗនេះ»។
លោកបានកោតសរសើរ និងអរគុណដល់សប្បុរជន ក៏ដូចជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំខេត្ត និងជាពិសេសក្រុមការងារបច្ចេកទេសសាងសង់យ៉ាងស្រស្រាក់សស្រាំ បើទោះបីជាយើងកំពុងតែឆ្លងកាត់ការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅខែឧសភា ឆ្នាំ២០២៣៕