រដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាប់ក្រុមប្រឹក្សាសន្តិសុខUN ថាទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅមីយ៉ាន់ម៉ាគឺជាការដាំដើមឈើសន្តិភាព
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានជួបពិភាក្សាការងារជាមួយនឹងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលោកស្រី Monna Juul ដោយបានជម្រាបលោកបិទអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ានិងវឌ្ឍនភាពបន្ទាប់ពីដំណើរទស្សនកិច្ចនេះ។ លោកថាដំណើរទស្សនកិច្ចនេះគឺជាការដាំដើមឈើសន្តិភាព ដែលត្រូវការពេលវេលាដើម្បីអាប្រមូលផលបាន។
ក្នុងជំនួបតាមរយៈវីដេអូពីចម្ងាយកាលពីយប់ថ្ងៃទី 28 ខែមករាឆ្នាំ 2022 លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនលោកស្រី Mona Juul ថាបញ្ហាប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញប៉ះពាល់ដល់បញ្ហាសន្តិសុខនយោបាយ និងមនុស្សធម៌។ លោកបានបញ្ជាក់ថាអាស៊ានមានការប្ដេជ្ញា ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជំរុញវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់អាស៊ានផងដែរ។
លោកបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែនេះគឺបានលទ្ធផលលើសពីកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន។ ចំណុចដែលលើសនោះគឺ ការបញ្ចប់អំពើហិង្សា និងការបន្តបទឈប់បាញ់ដោយភាគីពាក់ព័ន្ធទាំងអស់ គឺជាការចាំបាច់ដោយខានមិនបានក្នុងការកសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយមានគ្រប់ភាគី ធានាដល់ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងធានាដល់ការផ្តល់ជំនួយមនុស្សធម៌ ដោយសុវត្ថិភាព និងឆាប់រហ័សទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី បាន លើកឡើង ថា៖ « ដំណើរ ទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីយើងខ្ញុំ ទៅកាន់ ទីក្រុង ណៃពិដោ គឺជា បេសកកម្ម ដើម្បីទម្លុះទម្លាយភាពជាប់គាំង ។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បីកសាងទំនុកចិត្ត ការជឿជាក់ និងការយោគយល់គ្នា ហើយទស្សនកិច្ចនេះ ពិតជាអាចដើរតួនាទីជាការបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត។ សម្ដេចតេជោ បាន ទៅ ទីនោះ ដើម្បី ដាំ ដើមឈើ ជា ដើមឈើ សម្រាប់ សន្តិភាព និង ការ ផ្សះផ្សា ជាតិ។ វាត្រូវការពេលវេលា ភាពអត់ធ្មត់ និងការអនុវត្តជាក់ស្តែង មុនពេលគេអាចប្រមូលផលពីដើមឈើនោះបាន»។
ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ ក្នុងបេសកម្មមួយដែលសម្ដេចថាជួយស្វែងរកដំណោះស្រាយដល់ភាពជាប់គាំងក្នុងប្រទេសនេះ និងនាំស្មារតីអាស៊ានត្រលប់មកវិញ។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យានឹងសម្ដេចតេជោថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ៕