៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

ប្រវត្តិ និងមូលហេតុដែលមានការលោតម៉ុងសាយក្នុងពិធីបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ បន្ទាប់ពីបុណ្យឆ្លងឆ្នាំសកលពលរដ្ឋ និងកូនកាត់ចិន នឹកគិតនិងទន្ទឹងរង់ចាំបុណ្យមួយទៀតដែលប្រព្រឹត្តិទៅរៀងរាល់មួយឆ្នាំម្តង នោះគឺបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ហើយប្រជាជនកម្ពុជាដែលជាប់សែស្រឡាយចិននៅកម្ពុជា ក៏បានចូលរួមអបអរសាទរ និងប្រារព្ធពិធីបែបប្រពៃណីចិនមួយនេះផងដែរ។

អំឡុងថ្ងៃចូលឆ្នាំនេះ ចូលឆ្នាំចិននេះគេក៏អាចសង្កេតឃើញមានការរៀបចំជាច្រើន ចំពោះប្រជាពលរដ្ឋដែលមានជំនឿតែងអនុវត្តដូចជា មានបិទក្រដាសពណ៌ក្រហមៗ តុបតែងផ្ទះ និងការសែនឧទ្ទិសដល់ដូនតាជាដើម។ ក្រៅពីនេះ មានពិធីមួយទៀតដែលគេនិយមធ្វើ ដែលមានជំនឿរថានឹងនាំសិរីសួស្តីនោះគឺ ការលោតម៉ុងសាយ។

តើមូលហេតុអ្វីបានជា គេមានជំនឿរលើ ការលោតម៉ុងសាយ? នេះជាពិធីអ្វីហើយ ហើយវាតំណាងឱ្យអ្វី?

នៅក្នុងវប្បធម៌ចិន ម៉ុងសាយ ឬសត្វតោនេះតំណាងឱ្យ អំណាច ប្រាជ្ញានិងឧត្តមភាព ។ ប្រជាជនជឿរថា ការលោតម៉ុងសាយក្នុងពិធីបុណ្យចិន ឬពិធីធំៗ ដើម្បីនាំលាភសំណាង និងជឿរថាអាចដេញវិញ្ញាណអាក្រក់ ព្រមទាំងនាំមកនូវភាពរុងរឿងនិងសំណាងល្អ សម្រាប់ឆ្នាំខាងមុខនេះ។

ម៉ុងសាយ គឺជាប្រពៃណីដ៏សំខាន់បំផុតមួយក្នុងឱកាសបុណ្យចូលឆ្នាំចិន។

បើតាមប្រវត្តិសាស្រ្តសត្វតោមិនមានដើមកំណើតនៅប្រទេសចិនទេ ប៉ុន្តែវត្តមានសត្វតោនេះបានមកដល់ប្រទេសចិនតាមរយៈពាណិជ្ជករផ្លូវសូត្រ ដោយមានមេដឹកនាំអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថានបានបញ្ជូនសត្វតោទៅឱ្យអធិរាជចិនជាអំណោយ ដើម្បីទទួលបានសិទ្ធិធ្វើពាណិជ្ជកម្ម។

ម៉ុងសាយនេះ មានដើមកំណើតតាំងពីរាជវង្សហាន និងរាជវង្សថាងមកម្លេះ (ឆ្នាំ២០២ មុនគ.ស)។

យោងតាមរឿងព្រេង មានថ្ងៃមួយស្រាប់តែមានសត្វចម្លែកមួយបានបង្ហាញខ្លួនហើយធ្វើបាបអ្នកភូមិ។ សត្វនោះឈ្មោះថា ណៀន (nien) សត្វនេះ វាលឿនហើយកាចណាស់ដែលសូម្បីតែគោ ឬខ្លាក៏មិនអាចសម្លាប់វាបានដែរ។ ដោយអស់សង្ឃឹម ប្រជាជនបានងាកទៅរកសត្វតោ ដើម្បីមកតទល់នឹងសត្វ nien។

ក្រោយមកសត្វតោនោះក៏បានប្រយុទ្ធឈ្នះសត្វ nien ឱ្យរត់បាត់ទៅ តែសត្វ nien ថាខ្លួននឹងត្រឡប់មកវិញ ដើម្បីសងសឹក។

មួយឆ្នាំក្រោយមក សត្វ nien ក៏បានត្រឡប់មកវិញមែន។ ដល់ពេលនោះ សត្វតោ រវល់ខ្លាំងដែលយាមទ្វារព្រះចៅអធិរាជ ដែលមិនអាចជួយបាន។ ដូច្នេះ អ្នកភូមិក៏បានយកប្រញាប់យកឫស្សី និងក្រណាត់មកធ្វើរូបតោ ដោយមានបុរសពីរនាក់បានលូនចូលទៅខាងក្នុងហើយសម្តែងធ្វើឱ្យសត្វ nien ខ្លាច ហើយរត់ទៅបាត់ទាំងព្រឺព្រួច។ ដូច្នេះហើយ នៅមុនចូលឆ្នាំចិន គេតែងតែមានការរាំម៉ុងសាយដើម្បីដេញអំពើអាក្រក់ទៅឱ្យឆ្ងាយមួយឆ្នាំទៀត។

ថ្វីត្បិតតែការរាំម៉ុងសាយ ទាំងអស់ប្រើសំលៀកបំពាក់ស្រដៀងគ្នាក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលនៃការវិវត្តិដ៏យូរអង្វែង ម៉ុងសាយត្រូវបានបែងចែកជាពីររចនាបទ ម៉ុងសាយភាគខាងត្បូង និងខាងជើង។

នៅភាគខាងត្បូងនៅខេត្ត ក្វាងទុង ប្រទេសចិនគឺជាដើមកំណើតនៃម៉ុងសាយ ហើយវាជាក្បាច់រាំម៉ុងសាយនៅតំបន់នេះមានការពេញនិយមនៅហុងកុង និងម៉ាកាវ។

ម៉ុងសាយភាគខាងត្បូង គឺជាការសម្តែងដែលផ្អែកលើការសិក្សាអំពីអាកប្បកិរិយារបស់សត្វតោ ដោយសង្កត់ធ្ងន់ទៅលើសកម្មភាពដូចជា កោស អង្រួនដងខ្លួន និងការលិតរោមសត្វ។ ការសម្តែងមានភាពរស់រវើកនិងកំប្លែង ហើយម៉ុងសាយក៏មានវគ្គលេងជាមួយបាល់ផងដែរ។

រីឯម៉ុងសាយភាគខាងជើងមានទំនាក់ទំនងនឹង ក្បាច់គុន កុងហ្វូចិន។ អ្នកលោកម៉ុងសាយត្រូវយកអ្នកនៅលីវមកសំដែងដោយ ហើយសំលៀកបំពាក់ម៉ុងសាយមិនសូវតុបតែងច្រើនទេ។ របៀបសម្តែងលោកម៉ុងសាយរបស់ក្រុមនៅខាងជើងគឺមានលក្ខណៈពាក់ព័ន្ធនឹង ចំបាប់ លោតឡើងភ្នំជាដើម។

ដោយសារតែមានជំនឿរបបែបនេះហើយទើប ការលោតម៉ុងសាយបន្តក្លាយជាការសម្តែងដ៏ពេញនិយមក្នុងចំណោមប្រជាជនចិននិងអ្នកកាត់សែរស្រឡាយដើម្បីបួងសួងសុំសំណាងល្អក្នុងពិធីបុណ្យផ្សេងៗ។

ម៉ុងសាយគឺជាគំរូដ៏ល្អមួយនៃវប្បធម៌ប្រជាប្រិយរបស់ចិន ដែលបានរីករាលដាលពាសពេញពិភពលោក ហើយជនជាតិចិននៅក្រៅប្រទេសរួមទាំងនៅអឺរ៉ុប អាមេរិកជាដើមបានបង្កើតក្រុមម៉ុងសាយ ជាច្រើនដើម្បីទុកសម្តែងក្នុងពិធីបុណ្យឬពិធីធំៗ ជាពិសេស បុណ្យចូលឆ្នាំចិន នេះតែម្តង៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក