ចិន៖ មនុស្សយ៉ាងហោចណាស់ ២១នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារដោយសារបញ្ហាអាកាសធាតុ ទៅលើការរត់ប្រណាំងលើចម្ងាយផ្លូវ ១០០គីឡូម៉ែត្រឆ្លងកាត់តំបន់ភ្នំ នៅខេត្តកាន់ស៊ូ ភាគពាយ័ព្យប្រទេសចិន។ នេះបើយោងតាមសម្តីភ្នាក់ងារប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍ខាងលើនេះ។
ប្រភពដដែលបានបន្តថា មានការវាយប្រហារដោយបញ្ហាអាកាសធាតុមួយបានកើតឡើងនៅតាមបណ្តោយទន្លេលឿង ដែលជាព្រៃសម្រាប់ទេសចរកម្សាន្ត នៅតំបន់ Jingtai ទីក្រុង Baiyin ដោយមានភ្លៀងធ្លាក់ ព្យុះព្រិល និងខ្យល់កន្ត្រាក់កើតឡើងផ្ទួនៗ ហើយបណ្តាលឱ្យអ្នកចូលរួមរាប់សិបនាក់បានបាត់ខ្លួន ខណៈអាជ្ញាធរក្នុងតំបន់បានបញ្ជូនក្រុមសង្គ្រោះជាង ៧០០នាក់ចេញប្រតិបត្តិការរុករកភ្លាមៗផងដែរ។
សារព័ត៌មានចិន ស៊ីនហួរបានរាយការណ៍ថា មនុស្សមួយចំនួនបានទទួលរងនៅបញ្ហាកំដៅធ្លាក់ចុះ ខណៈមួយចំនួនត្រូវបានបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយបើតាមរបាយការណ៍បានឱ្យដឹងថា កម្មវិធីរត់ប្រណាំងនេះមានអ្នកចូលរួមចំនួន ១៧២នាក់៕