ម៉ានីល៖ មន្ត្រីហ្វីលីពីនបាននិយាយនៅថ្ងៃសុក្រនេះថា ហ្វីលីពីននឹងបើកឡើងវិញសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញពីនៅថ្ងៃទី១០ ខែកុម្ភៈ ហើយនឹងលុបចោលលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក បន្ទាប់ពីបានដាក់ជិតពីរឆ្នាំ។
អ្នកនាំពាក្យប្រធានាធិបតីលោក Karlo Nograles បានប្រាប់សន្និសីទសារព័ត៌មានមួយថា បច្ចុប្បន្នឧស្សាហកម្មទេសចរណ៍អាចងើបឡើងវិញ ហើយវាអាចរួមចំណែកធំដល់ការងារជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ហ្វីលីពីនក៏មានផែនការស្វាគមន៍ភ្ញៀវទេសចរឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូផងដែរ តែត្រូវបានផ្អាកបន្ទាប់ពីការលេចចេញនូវមេរោគបំលែងថ្មី Omicron ឆ្លងរាលដាលខ្លាំង។
សម្រាប់ការបើកប្រទេសឡើងវិញនេះ តម្រូវឲ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសក្នុងបញ្ជីកំណត់នឹងត្រូវធ្វើតេស្តអវិជ្ជមាន COVID-19 មុនពេលហោះហើរទៅកាន់ប្រទេសហ្វីលីពីន។
វិស័យទេសចរណ៍គឺជាវិស័យជំរុញដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះដែលមានចំនួនជិត ១៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៩។ហើយបានធ្លាក់ចុះមកត្រឹម ៥,៤ ភាគរយក្នុងឆ្នាំ២០២០ ខណៈដែលការមកដល់របស់ភ្ញៀវទេសចរបានធ្លាក់ចុះ ៨២ភាគរយដល់ ១,៤៨ លាននាក់៕