សេអ៊ូល៖ កូរ៉េខាងជើងចេញមកទទួលស្គាល់ថាពិតជាបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយនិងក្បាលគ្រាប់នៃកាំជ្រួចដឹកនាំយុទ្ធសាស្ត្រក្នុងសប្តាហ៍នេះ ខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រផលិតគ្រាប់រំសេវ និងអាវុធសំខាន់។
ភាពតានតឹងបាននឹងកំពុងកើនកម្តៅជុំវិញការសាកល្បងអាវុធចំនួន ៦លើករបស់កូរ៉េខាងជើងក្នុងឆ្នាំ២០២២ ដែលនេះជាចំនួននៃការបាញ់មីស៊ីលច្រើនបំផុតដែលខ្លួនបានធ្វើក្នុងរយៈពេលមួយខែ ដែលបង្កឱ្យមានការថ្កោលទោស និងការដាក់ទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិក។
សារព័ត៌មានKCNA បាននិយាយថា ការបច្ចុប្បន្នភាពប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ត្រូវបានសាកល្បងកាលពីថ្ងៃអង្គារ ហើយការធ្វើតេស្តមួយផ្សេងទៀតត្រូវបានធ្វើឡើង។
លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធបានសាទរចំពោះ វឌ្ឍនភាពក្នុងការផលិតអាវុធសំខាន់ៗដោយថា រោងចក្រនេះមានតួនាទីនិងកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនិងសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការពារជាតិ។
KCNA មិនបានបញ្ជាក់ពីអាវុធ ឬទីតាំងរោងចក្រនោះទេ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយពិចារណាឡើងវិញនូវ "រាល់សកម្មភាពដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន" ដោយបង្ហាញប្រាប់ពីការផ្អាកការប្រកាសដោយខ្លួនឯងលើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)៕