ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសទីម័រខាងកើត លោកស្រី អាដាល់ជីហ្សា ម៉ាកណូ បានស្នើសុំដល់ប្រធានអាស៊ាន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យសម្រួលដល់យន្តការអាស៊ានដើម្បីដាក់បញ្ចូលប្រទេស ទីម័រខាងកើតជាសមាជិកអាស៊ាន រួមទាំងស្នើសុំបញ្ជូនអ្នកបច្ចេកទេសមកសិក្សាពីកម្ពុជាផងដែរ។
លោកស្រី អាដាល់ជីហ្សា ម៉ាកណូ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបមួយនាព្រឹកនេះនៅទីស្ដីការគណៈរដ្ឋមន្ត្រីថា ប្រទេសទីម័រខាងកើតបានអរគុណកម្ពុជាជាច្រើនដែលបានជួយដល់ប្រទេសរបស់ខ្លួននិងការគាំទ្រជានិច្ចដល់ប្រទេសដែលទើបនឹងកើតនេះ។ លោកស្រី បានសុំឱ្យកម្ពុជាជួយបន្ថែមទៀតដល់ការចូលជាសមាជិកអាស៊ានរបស់ប្រទេសនេះបន្ទាប់ពីការរង់ចាំអស់ជាច្រើនឆ្នាំមកហើយ។
ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន គឺលោក អ៊ាង សុផល្លែត បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖ «លោកជំទាវក្នុងឱកាសនោះក៏បានគោរពស្នើសុំដល់សម្ដេចតេជោក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជាក្នុងការចូលខ្លួនក្នុងអង្គការ WTO ចូលខ្លួនក្នុងសមាជិក សហគមន៍អាស៊ាន និងបានគោរពស្នើសុំសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានជួយប្រទេស ទីម័រឡេស្តឱ្យបានចូលជាសមាជិកអាស៊ាន»។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាប្រទេសកម្ពុជាតែងតែគាំទ្រសមាជិកភាពទីម័រសម្រាប់អាស៊ាន ហើយចំពោះមុខកម្ពុជានឹងជំរុញសរសេរស្ដម្ភ សេដ្ឋកិច្ច វប្បធម៌អាស៊ាន ខិតខំរៀបចំ បេសកកម្មស្វែងរកការពិតនៅទីម័រខាងកើតឱ្យបានឆាប់ ដើម្បីបានវាយតម្លៃនិងរៀបចំការចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់ដើម្បីដាក់បញ្ចូលទីម័រខាងកើតជាសមាជិកអាស៊ាន។
សម្ដេចក៏ស្វាគមន៍ចំពោះការបញ្ជូនអ្នកបច្ចេកទេសពីទីម័រខាងកើតមកសិក្សាពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO និងសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ផងដែរ។
ក្នុងជំនួបនោះទាំងសម្ដេចតេជោ និងលោកស្រី អាដាល់ជីហ្សា ម៉ាកណូ ក៏បានពិភាក្សានិងជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ដោយភាគីទីម័រខាងកើតបានស្នើសុំអនុសាសន៍ពីសម្ដេចតេជោដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានរីកចំរើនទៅទៀត។ ពាក់ព័ន្ធនឹងករណីនេះសម្ដេចតេជោ បានជំរុញឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងនិងអនុស្សរណដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាពីមុនមក ក៏ដូចជាជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗបន្ថែមដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងកិច្ចព្រមព្រៀងវិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចក៏ស្នើឱ្យប្រទេសទីម័រពិចារណាទិញអង្ករពីប្រទេសកម្ពុជា ក៏ដូចជាស្វាគមន៍ដល់អ្នកវិនិយោគទីម័រខាងកើតមកវិនិយោគវិស័យកសិកម្មកម្ពុជាផងដែរ។
មាត្រា៦៤ នៃធម្មនុញ្ញអាស៊ានឆ្នាំ២០០៨ បានកំណត់ថា ដើម្បីឱ្យរដ្ឋមួយចូលជាសមាជិកខ្លួន រដ្ឋនោះត្រូវមានការទទួលស្គាល់ដោយរដ្ឋសមាជិកអាស៊ានទាំងអស់ មានកិច្ចព្រមព្រៀងដែលត្រូវចងភ្ជាប់ដោយធម្មនុញ្ញអាស៊ាន និងមានសមត្ថភាព និងឆន្ទៈក្នុងការអនុវត្តកាតព្វកិច្ចនៃសមាជិកភាព។
ចាប់តាំងពីទទួលឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ២០០២មក សាធារណរដ្ឋទីម័រខាងកើតបានបង្ហាញពីបំណងជាបន្តបន្ទាប់ក្នុងការចូលជាសមាជិកអាស៊ាន។
ក្នុងឆ្នាំ២០១១ ប្រទេសនេះបានដាក់ឯកសារជាផ្លូវការ ដើម្បីសុំចូលជាសមាជិកអាស៊ាន តែទោះជាយ៉ាងណា បំណងនេះមិនត្រូវបានស្វាគមន៍ដោយសមាជិកភាគច្រើននោះទេ។ បច្ចុប្បន្នសាធារណរដ្ឋទីម័រខាងកើតមានឋានៈជាអ្នកសង្កេតការណ៍អាស៊ាន ខណៈក្រុមការងារអាស៊ានកំពុងពិនិត្យទៅលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសនេះ មុននឹងសម្រេចថាអនុញ្ញាត ឬមិនអនុញ្ញាតឲ្យចូលជាសមាជិក៕









