ភ្នំពេញ៖ អារ៉ាប់ប៊ីសាអូឌីតបានជួបពិភាក្សាជាមួយកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ បន្ទាប់ពីកម្ពុជាប្រកាសពីយុទ្ធនាការ «កម្ពុជា៖ ជាគោលដៅទេសចរណ៍ និងបៃតង» ។
ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជាលោក សាអូដ អាល់ ស៊ូវេលីម (Saud F.M. Al Suwelim) នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន បានលើកឡើងពីគោលបំណងចង់តភ្ជាប់ជើងហោះហើរត្រង់ជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីជំរុញដល់ការផ្លាស់ប្ដូរចរន្តភ្ញៀវទេសចររវាងប្រទេសទាំងពីរនិងភ្ញៀវមកពីប្រទេសទីបី។
ការតភ្ជាប់ជើងហោះហើរនេះអាចធ្វើឡើងតាមទម្រង់ត្រីកោណ (ភ្នំពេញ-ព្រះសីហនុ-សៀមរាប) ឬតាមទម្រង់ផ្ទាល់ពី ររាជធានីរីយ៉ាដ(Riyadh)-ភ្នំពេញក៏កាន់តែប្រសើរ។
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ប្រាប់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ថានៅក្នុងខែឧសភាខាងមុខនេះ អារ៉ាប់ប៊ីសាអូឌីតនឹងតភ្ជាប់ជើងហោះហើរពីរដ្ឋធានីរីយ៉ាដ (Riyadh) មករាជធានីបាងកកប្រទេសថៃ និងពីរាជធានីបាងកកមករាជធានីភ្នំពេញប្រទេសកម្ពុជា។ លោកទទួលយកសំណើនេះ និងសន្យាលើកឡើងជូនរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដើម្បីជំរុញឱ្យកិច្ចការងារនេះឈានទៅសម្រេចបានក្នុងពេលឆាប់ៗខាងមុខ។
ប្រទេសកម្ពុជាបានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រផ្សេងៗក្នុងការបើកទេសចរណ៍ក្នុងតំបន់ឡើងវិញ ដែលមានដូចជាការដាក់ចេញនូវផែនទីចង្អុលផ្លូវ ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រទេសចរណ៍ចាក់វ៉ាក់សាំង ហើយកាលពីម្សិលមិញរដ្ឋាភិបាលក៏បានប្រកាសបើកយុទ្ធនាការ «កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ផងដែរ ។
លោក ថោង ខុន បានអះអាងថាកម្ពុជាជាគោលដៅទេសចរណ៍មួយប្រកបដោយសុវត្ថិភាព ដែលបានស្ដែងឱ្យឃើញនៅក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (AFT 2022) នៅក្រុងព្រះសីហនុកន្លងទៅ និងបានស្នើដល់អារ៉ាប់ប៊ីសាអូឌីតតាមរយៈលោក សាអូដ អាល់ ស៊ូវេលីម ជួយពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ខណៈភាគីកម្ពុជាបានផ្ញើសេចក្ដីព្រាងអនុស្សរណៈនេះទៅកាន់ភាគីអារ៉ាប់ប៊ីសាអូឌីតរួចហើយនៅឡើយតែការឆ្លើយតបមកភាគីកម្ពុជាវិញ។
ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញការទស្សនារបស់ភ្ញៀវទេសចរមូស្លីមផងដែរ ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា កម្ពុជាបានរៀបចំផែនការទាក់ទាញទេសចរមូស្លីមរួចហើយដែរ៕








          
 
 
 
 
