ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានថ្លែងគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ដោយថាភាពជោគជ័យរបស់កម្ពុជាក្នុងការដឹកនាំអាស៊ានឆ្នាំនេះគឺជាជោគជ័យនៃតំបន់ទាំងមូល។
ថ្លែងក្នុងពិធីបើកសម្ពោធ AmCam2022 ដើម្បីអបអរចំណងទាក់ទង៤៥ ឆ្នាំអាមេរិក-អាស៊ាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានថ្លែងថា មានបញ្ហាជាច្រើនដែលកម្ពុជាត្រូវប្រឈមនឹងដោះស្រាយក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ដោយលោកបានគាំទ្រចំពោះវឌ្ឍនភាពនានាដែលនាំឱ្យមានភាពជោគជ័យក្នុងការដោះស្រាយបញ្ហាដែលអាស៊ានប្រឈម។
លោកថា៖ «ដូចដែលខ្ញុំនិយមនិយាយហើយដែលខ្ញុំនឹងនិយាយពេញមួយឆ្នាំនេះតែម្ដង នោះគឺថា ប្រសិនបើកម្ពុជាទទួលជោគជ័យក្នុងនាមជាប្រធានអាស៊ាន យើងទាំងអស់គ្នា នឹងជោគជ័យដូចគ្នា ពីព្រោះជោគជ័យនេះ មានន័យស្មើនឹងវឌ្ឍនភាពលើការងើបឡើងវិញពីវិបត្តិរោគរាតត្បាតជាសាកល លើការធានាបានសន្ដិសុខលំហសមុទ្រ លើបញ្ហាប្រែប្រួលអាកាសធាតុ លើបញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងលើបញ្ហាជាច្រើនផ្សេងទៀត»។
ថ្លែងក្នុងពិធីនោះដែរ រដ្ឋមន្ត្រីឯកទេសកិច្ចការអាស៊ាននៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជា លោក កៅ គឹម ហួន បានអរគុណដល់អាមេរិកដែលបានឱ្យតម្លៃដល់សហគមន៍ និងតួនាទីមជ្ឈមភាពអាស៊ាន ដោយលោកបានចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់អាស៊ាន។
លោក កៅ គឹមហួន បានថ្លែងថា៖ «ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តពេញលេញក្នុងការធ្វើការជិតដិតជាមួយគ្រប់បណ្ដារដ្ឋជាសមាជិកអាស៊ានទាំងអស់ អគ្គលេខាធិការដ្ឋានអាស៊ាន ហើយនឹងពិតណាស់ជាមួយគ្រប់ដៃគូសន្ទនារបស់អាស៊ាន រួមមានទាំងសហរដ្ឋអាមេរិកផងដែរ»។
ថ្លែងក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា ការងារដែលអាស៊ានត្រូវធ្វើក្នុងឆ្នាំនេះមានដូចជា ការជំរុញសេដ្ឋកិច្ចអាស៊ានឡើងវិញ ការរៀបចំខួប២០ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង(DOC) គំនិតផ្ដួចផ្ដើមអាស៊ីប៉ាស៊ីហ្វិករបស់អាស៊ាន បញ្ហាសមាជិកភាពរបស់ទីម័រឡេស្តេ និងកិច្ចប្រជុំធំមួយដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩។ សម្ដេចបញ្ជាក់ថាអាស៊ានមិនអាចចំណាយពេលគិតតែពីរឿងប្រទេសមីយ៉ាន់ម៉ានោះទេ៕