ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ាណែត៖ សម្ដេចតេជោបានជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងស្ថានការណ៍ធំៗ៣

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តជួយដល់អាយុជីវិតប្រជាជនកម្ពុជា២ដងថែមទៀតគឺ ការបញ្ចប់សង្គ្រាមស៊ីវិលដោយនយោបាយឈ្នះ-ឈ្នះ និងថ្មីៗនេះគឺការជួយពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត ការផ្ដល់កំណើតនិងការជួយសង្គ្រោះជាតិគឺជាគុណដ៏ធំធេងបំផុតក្នុងឆាកជីវិតនយោបាយរបស់ សម្ដេចតេជោ ហ៊ុន សែន។ លោកថា ការរំដោះពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាមស៊ីវិល និងការជួយពីវិបត្តិជំងឹសាកល គឺជាការសម្រេចចិត្តដែលគ្រោះថ្នាក់បំផុតប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន ធ្វើបានយ៉ាងត្រឹមត្រូវនិងមានប្រសិទ្ធភាព។

លោកថា៖ «នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត ដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសភាគច្រើនមានការអល់អែកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឱ្យបានច្បាស់លាស់ ប៉ុន្តែ សម្តេចតេជោ បានធ្វើការអារកាត់សម្រេចចិត្តដាក់ចេញនូវវិធានការនានាទាំងការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយការប្រុងប្រយ័ត្នជាមួយនឹងការសិក្សាគ្រប់ជ្រុងជ្រោយ និងការទទួលខុសត្រូវ ដោយឈរលើមូលដ្ឋានអាទិភាពចម្បងបំផុត គឺការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនអាចពន្យាពេលរង់ចាំបាន រហូតកម្ពុជាឈានត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញ តាមរយៈការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ និងការបើកប្រទេសលើគ្រប់វិស័យឡើងវិញ ខណៈដែលអត្រាឆ្លងថ្មីមានកម្រិតទាប ហើយករណីស្លាប់ក៏មិនទាន់មានថ្មី ទោះបីជាមានការរាតត្បាតនៃមេរោគបំប្លែងថ្មីក៏ដោយ» ។

ផ្ដើមចេញពីការយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនខ្មែរសម្ដេចតេជោបានធ្វើដំណើរទៅប្រទេសវៀតណាមនៅថ្ងៃ២០ មិថុនា ឆ្នាំ១៩៧៨ ដើម្បីស្វែងរកជំនួយមករំដោះប្រទេសវិញ។ ផ្ដើមចេញពីជំហានដ៏គ្រោះថ្នាក់និងទឹកភ្នែកនេះបាននាំឱ្យសម្ដេចត្រលប់មកវិញជាមួយជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទោះជាយ៉ាងណាសង្គ្រាមស៊ីវិលនៅកម្ពុជាបានបន្តរហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ទើបកម្ពុជាបានរកឃើញការឯកភាពគ្នាពេញលេញក្រោមរដ្ឋាភិបាលឡើងវិញ ដែលនាំឱ្យមានការអភិវឌ្ឍន៍និងរីកចំរើនដូចបច្ចុប្បន្ន។

ទោះជាយ៉ាងណាវិបត្តិជំងឹសកលកូវីដ-១៩ បានញាំញីដល់អាយុជីវិតប្រជាពលរដ្ឋជាថ្មីនៅក្នុងឆ្នាំ២០២០ ហើយខ្លាំងបំផុតនៅឆ្នាំ២០២១ តែក្រោមការសម្រេចរបស់សម្ដេចតេជោលើអទិភាពវ៉ាក់សាំង និងយុទ្ធនាការចាក់ស្រោចដល់ពលរដ្ឋ កម្ពុជាបានរួចផុតពីវិបត្តិនេះនិងប្រកាសបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះពុំមានការរាយការណ៍ណាមួយពីករណីស្លាប់ដោយជំងឹកូវីដ-១៩នៅកម្ពុជានោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក