រដ្ឋាភិបាលបង្កើតជំនួយការហិរញ្ញវត្ថុឃុំសង្កាត់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ-សង្កាត់ នៅតាមឃុំ-សង្កាត់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីគ្រប់គ្រងចំណូលចំណាយ រៀបចំគម្រោងថវិការប្រចាំឆ្នាំ ក៏ដូចជាតាមដានការអនុវត្តថវិកាឃុំ-សង្កាត់ជាដើម។
ក្នុងសេចក្ដីប្រកាសអន្តរក្រសួងចំនួនបីចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ព្រុំ សុខា បានសម្រេចរួមគ្នាឱ្យមានការជ្រើសរើស និងកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ-សង្កាត់ ក្នុងការទទួលខុសត្រូវលើហិរញ្ញវត្ថុជំនួសសៀនឃុំ សង្កាត់ នាពេលបច្ចុប្បន្ន។
ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ មានតួនាទីនិងភារកិច្ច ប្រមូលចំណូល បើកផ្ដល់ ជាជំនួយការមេឃុំ ចៅសង្កាត់ រៀបចំផែនការ និងគម្រោងថវិការប្រចាំឆ្នាំ គ្រប់គ្រង ពិនិត្យ និងតាមដានអនុវត្តថវិកា រៀបចំរបាយការណ៍ និងប្រព័ន្ធរបាយការណ៍ផ្ទៃក្នុងដើម្បីពិនិត្យតាមដានការអនុវត្តថវិកា រៀបចំរបាយការណ៍ស្ដីពីការអនុវត្តថវិកាតាមទម្រង់របាយការណ៍រួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុដោយគោរពតាមវិធាន និងបទប្បញ្ញាត្តិហិរញ្ញវត្ថុសាធារណៈជាធរមាន ព្រមទាំងបំពេញការងាពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុផ្សេងៗទៀត តាមការប្រគល់របស់មេឃុំ ចៅសង្កាត់។
ដំណើរការនៃការជ្រើសរើសជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំតាមការប្រឡងប្រជែង ដែលមានការរៀបចំគណៈកម្មការប្រឡងជ្រើសរើស ដោយមានការកំណត់ដំណើរការលម្អិតនៃការជ្រើសរើស និងផ្ទៀងផ្ទាត់លក្ខខណ្ឌដោយប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្រោយពីទទួលបានជ្រើសរើសនឹងតែងតាងដោយដីការួច ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ត្រូវទទួលបានការអភិវឌ្ឍសមត្ថភាពតាមរយៈការអនុវត្តការងារជាក់ស្ដែង និងចូលរួមវគ្កបណ្ដុះបណ្ដាលដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ។
ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងមួយនាក់ចំនួន ១លានរៀល និងលាភការផ្សេងៗដែលធានាដោយកញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ សង្កាត់។ ដែលប្រាក់ឧបត្ថម្ភនេះអាចនឹងត្រូវបានដំឡើងទៅតាមលទ្ធភាពថវិការបស់រដ្ឋបាលឃុំ សង្កាត់ និងតាមរយៈប្រកាសអន្តរក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ៕