វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

បទយកការណ៍៖ ពលរដ្ឋខ្មែរកាត់ចិនមានជំនឿខ្លាំងលើពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ៖ ទោះបីជានៅក្នុងប្រទេសកម្ពុជា មានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក៏ដោយ ក៏គេឃើញមាននូវពិធីបុណ្យចូលឆ្នាំប្រពៃណីមួយទៀតដែលទទួលបានការពេញនិយមពីប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេស គឺពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរកាត់ចិនប្រារព្ធឡើងនៅតាមគេហដ្ឋាន ក៏ដូចជានៅតាមវិហារចិនយ៉ាងច្រើនកុះករ ទោះបីវាមិនមែនជាបុណ្យជាតិក៏ដោយ។

នៅពេលដែលពិធីបុណ្យនេះកាន់តែខិតចូលមកដល់ គេឃើញនៅតាមផ្ទះប្រជាជនមួយចំនួនមានការដាក់តាំងនូវភ្លើងគោម បិតយ័ន្តនៅតាមមាត់ទ្វារ បង្អួច និងនៅលើឧបករណ៍ប្រើប្រាស់ផ្សេងៗមានពណ៌ក្រហមឆ្អិនឆ្អៅ រួមទាំងផ្កាអង្គាសិល្ប៍ពណ៌លឿងដូចមាសលម្អក្នុងផ្ទះផងដែរ។ ពួកគេមានជំនឿថា ការសែនទទួលទេវតាឆ្នាំថ្មីក្នុងឱកាសចូលឆ្នាំប្រពៃណីចិន-វៀតណាមនឹងផ្ដល់ឱ្យពួកគេនូវសុភមង្គល មានសេចក្ដីសុខនៅក្នុងគ្រួសារ រកស៊ីមានបាន និងចៀសផុតពីគ្រោះចង្រៃផ្សេងៗ។

បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមចាប់ផ្ដើមនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្ដាផ្សារនានា ក៏ដូចជានៅតាមដងផ្លូវ គេឃើញមានលក់នូវផ្កាចម្រុះពណ៌ ជាពិសេសគឺផ្កាអង្គារសិល្ប៍និងផ្កាស្បៃរឿង ព្រមទាំងគ្រឿងតុបតែងលម្អផ្ទះ ក្រដាសសែន គោមភ្លើងមានពណ៌លឿង និងពណ៌ក្រហមដេរដាស។ ក្នុងនោះម្ហូបអាហារមានជ្រូកខ្វៃ មាន់ខ្វៃ ក៏ដូចជាគ្រឿងទេសរបស់ចិន ត្រូវបានគេដាក់លក់ពាសពេញនៅតាមតូបលក់អ៊ីវ៉ាន់។ អាជីករនៅតាមតូបនីមួយៗកំពុងញាប់ដៃញាប់ជើងប្រឹងលក់របស់របរទៅកាន់អតិថិជនស្ទើរគ្មានពេលសម្រាក។

ទេវកថាចិនតំណាលថា មានថ្ងៃមួយនៅប្រទេសចិនត្រូវបានសត្វមួយដែលមានឈ្មោះ នៀន (មានន័យថាឆ្នាំក្នុងភាសាចិន) បានមកកាប់សំលាប់ពួកបសុសត្វសូម្បីតែអ្នកភូមិក៏ដោយជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារដែលពួកគេដាក់ឲ្យរួចហើយវានឹងមិនធ្វើបាបកាប់សម្លាប់ប្រជាជនទៀតទេ។ គ្រាមួយ អ្នកភូមិបានឃើញ នៀន មានភាពភ័យខ្លាចក្មេងៗដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិ ក៏បានប្រើផាវដើម្បីបណ្ដេញនៀនឱ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក នៀន ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។

អាជីករម្នាក់នៅផ្សាអូរឫស្សី កំពុងលក់សម្ភារៈសម្រាប់សែននៅក្នុងពិធីបុណ្យចូលឆ្នាំចិនយ៉ាងមមាញឹក។ ម៉ោងជាង១រសៀលទៅហើយ នៅក្នុងតូបរបស់អ្នកស្រីនៅតែមានភ្ញៀវចូលមកទិញសម្ភារៈផ្សេងៗយ៉ាងកុះករ។ ម្ចាស់តូបបានលើកឡើងថាអតិថិជនចាប់ផ្ដើមចូលមកទិញសម្ភារៈត្រៀមសម្រាប់សែនចូលឆ្នាំចិនតាំងពីដើមខែមកម្ល៉េះនិងមានចំនួនអតិថិជនច្រើនជាងកាលពីឆ្នាំមុន។

អ្នកស្រីបន្តថា ពលរដ្ឋមកទិញគោម យ័ន្ត និងក្រដាសក្រហមសម្រាប់ដាក់តាំងនៅផ្ទះព្រោះពួកគេយល់ថាពណ៌ក្រហមជាពណ៌ដេញគ្រោះចង្រៃ និងធ្វើឲ្យវិញ្ញាណអាក្រក់មិនហ៊ានចូលមកយាយីក្រុមគ្រួសាររបស់ពួកគេ។ ក្រៅពីនោះនៅមានក្រដាសមាស ក្រដាសប្រាក់ សម្រាប់ដុតសែនទៅកាន់ដូនតាដែលបានចែកឋានទៅ ព្រមទាំងមានការដុតផាវបន្លឺជាសម្លេងផងដែរ។

សម្រាប់អ្នកស្រីផ្ទាល់ អ្នកស្រីយល់ថា ការដាក់សែនបែបនេះ ពិតជាបានជួយឱ្យក្រុមគ្រួសារមានភាពចម្រុងចម្រើន និងមានលាភសំណាងពេញមួយឆ្នាំពិតប្រាកដមែន។

អ្នកស្រីនិយាយថា៖ «យើងពន្យួរគោមដាក់លើជំនាងផ្ទះ ដើម្បីលើករាសី ហុងស៊ុយយើង ហើយគេដុតផាវនឹងជាប្រចាំ។ ចិនគេចូលចិត្តដុតផាវ គេពន្យួរមុខផ្ទះក៏បាន ដុតក៏បាន បើកជាសម្លេងក៏បាន។ ចិនគេតំណម ដូចឆ្នាំហ្នឹងគេតំណមដូចថាគ្រឿងក្រហមៗហ្នឹង គេតម្រូវមកជាគ្រឿងលឿង គ្រឿងខៀវអីវិញ ប៉ុន្តែអ្នកទិញទាំងប៉ុន្មាន គេច្រើនតែទិញយកពណ៌ក្រហម អត់ចោលហ្មង! វាតំណាងឲ្យយើងហេង សុខសប្បាយនៅក្នុងក្រុមគ្រួសារ អពមង្គលចូលមិនបានទេ គេហេងរហូតពេញមួយឆ្នាំហ្នឹងហ្មង។ [...] លក្ខណៈយើងសែនជាបាយទឹក យើងសែនកុងម៉ាយើង លម្អគេហដ្ឋានដើម្បីទទួលលាភជ័យសំណាងបានពេញមួយឆ្នាំ គឺសុខភាពល្អទាំងអស់គ្នានៅក្នុងផ្ទះរបស់យើង ហើយលុយហូរចូលឈឹបៗតែម្ដង»។

ទន្ទឹមគ្នានេះ អតិថិជនម្នាក់មកទិញសម្ភារៈផ្សេងៗសម្រាប់យកទៅដេគ័រជូនអតិថិជនគឺលោក កាំង គីមឡេង យល់ឃើញថាការសែនព្រេនក៏ដូចជាការតុបតែងផ្ទះទៅតាមបែបប្រពៃណីចិននេះពិតជាបាននាំលាភសំណាងពិតទៅដល់បុគ្គលនោះពិតប្រាកដមែន ព្រោះលោកសង្កេតឃើញមានគេធ្វើពិធីនេះជារៀងរាល់ឆ្នាំ។

សម្ភារៈដែលលោកជាវសម្រាប់យកទៅធ្វើការដេគ័រនេះរួមមាន គោមពណ៌ក្រហម ក្រដាសយ័ន្ត ដុំមាសតូចៗ ជាពិសេសគឺផ្កាអង្គាសិល្បិ៍។

លោកបន្តថា៖ «យើងធ្វើដោយផ្អែកទៅលើជំនឿរបស់ជនជាតិចិន ភាគច្រើនដាក់ពណ៌ក្រហម ពណ៌មាស នាំលាភ នាំសំណាងឲ្យទ្រព្យរបស់គាត់ចូលរាល់ឆ្នាំ។ តាមការយល់ឃើញផ្ទាល់់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថាអាហ្នឹងជាធម្មតាបើគេសែនរាល់ឆ្នាំមានន័យថានាំលាភ នាំសំណាងចូលផ្ទះគេមែនបានគេធ្វើរាល់ឆ្នាំ» ។

អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សីអ្នកស្រី ហេង លី លើកឡើងថានៅក្នុងឆ្នាំនេះ មានអ្នកបញ្ជាទិញជ្រូកនិងមាន់ខ្វៃច្រើនជាងកាលពីឆ្នាំមុនបន្ទាប់ពីរដ្ឋាភិបាលបើកប្រទេសឡើងវិញ។ អ្នកស្រីបន្តថា អថិជនបានកម្ម៉ង់ជ្រូកខ្វៃក្នុងមួយថ្ងៃពី ដប់ទៅម្ភៃក្បាល ហើយតម្លៃជ្រូកនិងមាន់មានការកើនឡើងជាងពេលធម្មតាតែនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន។

អ្នកស្រីថា៖ «ក្នុងឆ្នាំនេះការលក់ដូររាងល្អជាងឆ្នាំមុនបន្តិច ដោយសារតែវាមិនមានផ្អើលរឿងបញ្ហាជំងឺកូវីដ ដោយសារយើងមានការការពារ។ លក់ដាច់ចាប់តាំងពីដើមឆ្នាំមករាងច្រើនគួរសម គ្រាន់តែយើងមិនទាន់ដឹងថាវាអាចបានច្រើនជាងឆ្នាំទៅឬក៏យ៉ាងណាដោយសារអត់ទាន់មានអ្នកកម្ម៉ង់ច្រើនដែរ។ ជាទូទៅជ្រូកចាប់ពី១០គីឡូឡើងទើបពួកខ្ញុំថ្លឹង តម្លៃជាទូទៅក្នុងថ្ងៃធម្មតាពី៧ម៉ឺន ទៅ៧ម៉ឺន៥ពាន់រៀល តែនៅក្នុងថ្ងៃសែនតម្លៃវាឡើងទៅតាមហ្នឹងទៀត ដោយសារតែឥវ៉ាន់យើងនាំចូលមកវាឡើងដែរ។ ឥវ៉ាន់ឡើងថ្លៃគួរសមដែរ តែអាចទទួលយកបាន»។

ដោយឡែក អាជីវករលក់ផ្កាម្នាក់នៅក្នុងសង្កាត់បឹងព្រលិតគឺលោក សឹម សារ៉េត បានលើកឡើងថាអតិថិជនភាគច្រើនមកទិញតែផ្កាអង្គាសិល្បិ៍ ផ្កាស្បៃរឿង និងដើមក្រូចទៅដាក់តាំងតែប៉ុណ្ណោះ ព្រោះគេយល់ថាការដាក់តាំងរុក្ខជាតិទាំងអស់នេះនៅក្នុងបរិវេណផ្ទះ នឹងនាំមកនូវការចម្រុងចម្រើន មានលាភសំណាង ព្រមទាំងនាំមកនូវសំណាងល្អដល់ពួកគេ។

លោកបន្តថា៖ «នេះជារដូវចូលឆ្នាំចិន អញ្ចឹងប្រពៃណីចិនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះលក់ដាច់គួរសម បានមួយម៉ូយៗដែរ តែមិនទាន់មមាញឹក ទាល់តែកៀកថ្ងៃចូលឆ្នាំចិនបានមមាញឹកដឹកមិនទាន់។ ភាគច្រើនគេមកទិញដើមរាសី ដើមក្រូច [...] ផ្កាអង្គាសិល្បិ៍វាតំណាងឲ្យលើករាសី រកស៊ីមានបានកាក់កប ហើយដើមក្រូចហ្នឹងនាំលាភនាំសំណាងចូលផ្ទះគេ។ ដើមហ្នឹងវាថ្លៃ បើគេហ៊ានចំណាយលុយទិញ ក៏វានាំលាភនាំសំណាង ឆ្នាំហ្នឹងក៏គេរកបាន ឆ្នាំក្រោយក៏គេរកបាន»។

ដោយឡែកនៅតាមទីសក្ការៈបូជា ក្នុងទីប្រជុំជននានាក្នុងរាជធានីភ្នំពេញដដែលនោះ ជាពិសេសនៅវត្តភ្នំ គេក៏ឃើញមាននូវប្រជាជនដែលមានជំនឿទៅលើប្រពៃណីចិនបាននាំគ្នាទៅបន់ស្រន់សុំសេចក្ដីសុខ និងកាត់ឆុងទៅតាមក្បួនហោរាសាស្ត្រចិនដែលបានទស្សទាយឡើងចុះស្ទើរសឹកជណ្ដើរ។ ផ្សែងធូបខ្មួលខ្មាញ់ពេញនៅក្នុងកន្លែងសក្ការៈអ្នកតាព្រះចៅ ដែលធូបខ្លះមានប្រវែងរហូតដល់ទៅជិតកន្លះម៉ែត្រឯណោះ។

ព្រឹទ្ធាចារ្យដែលនៅប្រចាំការនៅអ្នកតាព្រះចៅលោក ប្រាក់ សំណាង លើកឡើងថា នៅក្នុងឆ្នាំនេះមានគេមកបែរបន់នៅអ្នកតាព្រះចៅច្រើនជាងឆ្នាំមុន បន្ទាប់ពីមានការធូរស្បើយនូវជំងឺកូវីដ-១៩។ អ្នកដែលមកបន់ស្រន់ ច្រើនតែជាកូនចៅចិនដែលគេមានជំនឿទៅលើបារមីអ្នកតាព្រះចៅ ដើម្បីសុំសេចក្ដីសុខសប្បាយនៅក្នុងក្រុមគ្រួសារ ព្រមទាំងលាបំណន់ផ្សេងៗ និងភាគច្រើនជាអ្នកដែលមកកាត់ឆុង។

លោកបន្តថា៖ «ប៉ុន្មានថ្ងៃនេះ និយាយរួមវាចុងឆ្នាំ ប្រជាជនយើងដែលគាត់បានបែរបន់ពីដើមឆ្នាំ គាត់មកលាមាត់លាពាក្យ គាត់មកថ្លែងអំណរគុណដល់លោកតាដែលបានជួយគាត់មួយឆ្នាំហ្នឹងឲ្យបានសុខសប្បាយ រកស៊ីទទួលទានមានបាន ដោយឡែកអ្នកដែលមកមួយចំនួនទៀតហ្នឹងគឺមកកាត់ឆុងព្រោះឆ្នាំដែលត្រូវឆុង មានខាល វក ម្សាញ់ កុរដែលថាឆុងហ្នឹងគាត់មកកាត់គ្រោះ ដើម្បីសុំសេចក្ដីសុខចម្រើន»។

ជនជាតិចិនមានតំណមមួយចំនួនក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ខ្លួនអំឡុងចូលឆ្នាំបីថ្ងៃ គេចាត់ទុកជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គលឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវធ្វើឱ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។ តំណមមួយចំនួននោះគឺ ហាមយំ តែងខ្លួនស្អាតប៉ុន្ដែមិនកក់សក់ ហាមចូលបន្ទប់អ្នកដទៃ និងមិនឱ្យបែកចាន ឬកែវក្នុងអំឡុងចូលឆ្នាំ៣ថ្ងៃនេះ។

ប្រជាពលរដ្ឋម្នាក់ដែលមកកាត់ឆុងនៅកន្លែងអ្នកតាព្រះចៅគឺលោក តាំង វង្សរតនៈ ប្រាប់ថាគាត់មកទីនេះគឺដើម្បីធ្វើការកាត់ឆុងឲ្យកូនប្រុសរបស់លោក។ លោកបានបង្ហាញនូវជំនឿយ៉ាងមុតមាំដល់ការរៀបចំពិធីផ្សេងក្នុងពេលដែលត្រៀម និងរៀបចំពិធីបុណ្យចូលឆ្នាំចិននេះដោយថាការប្រតិបត្តិបានល្អពិតជាបានបញ្ជៀសគ្រោះថ្នាក់និងមានសំណាងល្អពិតប្រាកដមែន។

លោកថា៖ «អញ្ចឹងអានេះវាគឺជាប្រពៃណីរបស់ចិន អញ្ចឹងគឺវាអាស្រ័យទៅលើជំនឿ អញ្ចឹងអ្នកខ្លះគាត់ជឿ អ្នកខ្លះគាត់មិនជឿ វាអាស្រ័យទៅលើបុគ្គលម្នាក់ៗទេ តែសម្រាប់អ្នកដែលដូចខ្ញុំកាន់សាសនាព្រះពុទ្ធជាប់ខ្សែចិនដែរអញ្ចឹងខ្ញុំជឿថាយើងមកកាត់ឆុង នាំលាភ នាំសំណាង»៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក