អន្តរជាតិ៖ អ្នកវិភាគនយោបាយម្នាក់នៅសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃអង្គារទី ២៥ ខែមករាថា "យើងកំពុងសម្លឹងមើលទៅលើសក្តានុពលនៃជម្លោះដ៏ធំបំផុតមួយចាប់តាំងពីសង្គ្រាមលោកលើកទីពីរនៅអ៊ុយក្រែន" ខណៈដែលមេដឹកនាំលោកខាងលិចបានបង្កើនការត្រៀមលក្ខណៈ បើសិនជាមានសកម្មភាពយោធារុស្ស៊ីណាមួយនៅអ៊ុយក្រែន។
ភាពតានតឹងនៅអ៊ុយក្រែន នៅតែមានកម្រិតខ្ពស់ បន្ទាប់ពីអង្គការណាតូបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងដាក់កម្លាំងរង់ចាំ និងពង្រឹងអឺរ៉ុបខាងកើតជាមួយសព្វាវុធមានទាំង នាវា និងយន្តហោះចម្បាំងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការបង្កើនកងទ័ពរុស្ស៊ីនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។
នាយកកម្មវិធីសន្តិសុខអាត្លង់ទិក លោកស្រី Andrea Kendall និយាយថា៖ «ខ្ញុំគិតថាយើងកំពុងសម្លឹងមើលសក្តានុពលនៃជម្លោះដ៏ធំបំផុតមួយ ដែលយើងបានឃើញចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ពេលនេះយើងអាចមើលឃើញពី សមត្ថភាពដែលរុស្ស៊ីកំពុងធ្វើនៅតាមព្រំដែនអ៊ុយក្រែន ដែលនេះអាចនិយាយបានថាជា សេណារីយ៉ូនៃការលុកលុយដ៏សំខាន់មួយ ដែលពួកគេអាចឡោមព័ទ្ធទីក្រុង Kyiv និងដណ្តើមយកពាក់កណ្តាលនៃភាគខាងកើត ហើយនោះគឺជាអ្វីដែលយើងមិនបានឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ»។
លោកស្រី Kendall និយាយបន្ថែមទៀតថា លោកប្រធានាធិបតី ពូទីន នឹងត្រឡប់ទៅនិយាយអំពីលទ្ធផលនៃសង្រ្គាមត្រជាក់ ដោយសម្លឹងពីការកាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុបខាងកើត និងជាមូលដ្ឋាន ដើម្បីយកដកសហរដ្ឋអាមេរិកជាបន្លាក្នុងភ្នែក។
ពាក់ព័ន្ធទៅនឹងរឿងនេះ រុស្ស៊ីដែលបដិសេធការរៀបចំការវាយប្រហារនោះបាននិយាយថា ខ្លួនកំពុងមើលដោយមានក្តីបារម្ភជាខ្លាំងផងដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វិបត្តិទាំងអស់នេះ កំពុងត្រូវបានជំរុញឱ្យកាន់តែធំដោយសកម្មភាពរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ មិនមែនជាការកសាងកងទ័ពរុស្ស៊ីនោះទេ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីបើកការឈ្លានពាន ហើយមេដឹកនាំលោកខាងលិចនិយាយថា ការរួបរួមគឺជារឿងសំខាន់បំផុត។
រុស្ស៊ីមានកងទ័ពរាប់ម៉ឺននាក់នៅជិតអ៊ុយក្រែន ហើយកំពុងទាមទារការធានាសន្តិសុខពីលោកខាងលិច រួមទាំងការសន្យារបស់អង្គការណាតូថានឹងមិនឱ្យអ៊ុយក្រែនចូលជាសមាជិកឡើយ។
នៅក្នុងសញ្ញានៃការព្រួយបារម្ភថាការវាយប្រហារអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ កាណាដាក៏បាននិយាយថា ខ្លួនកំពុងឱ្យគ្រួសារអ្នកការទូតរបស់ខ្លួននៅអ៊ុយក្រែនចេញពីប្រទេសនេះជាបណ្ដោះអាសន្ន ខណៈសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកំពុងឱ្យសមាជិកគ្រួសារអ្នកការទូតចាកចេញពីទីក្រុងគៀវផងដែរ៕