ភ្នំពេញ៖ អតីតអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជាលោក Takahashi បានជម្រាបរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាលោក វេង សាខុន ថាក្រុមហ៊ុនមួយរបស់ជប៉ុនចង់បង្កើតក្រុមការងារមួយដើម្បីជួយដល់ការផលិតនិងធ្វើឱ្យមានភាពចម្រុះនៃផលិតកម្មសូត្រខ្មែរ។
ថ្លែងប្រាប់រដ្ឋមន្ត្រីនៅទីស្ដីការក្រសួងកសិកម្មកាលពីល្ងាចថ្ងៃពុធម្សិលមិញលោក Takahashi បានលើកឡើងពីការបង្កើតក្រុមការងារ «Cambodia Golden Silk (CGS)» នៅកម្ពុជាដើម្បីផលិតសូត្រសម្រាប់បម្រើឲ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឲ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់នាពេលបច្ចុប្បន្ន។
តាមរយៈការរៀបចំនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់ការងាររបស់ប្រជាពលរដ្ឋដែលរស់នៅជនបទ ជួយលើកកម្ពស់តម្លៃបន្ថែមរបស់សូត្រខ្មែរ បង្កើតមជ្ឈមណ្ឌលភ្ញាស់ដង្កូវនាងពូជល្អៗដែលផ្ដល់ទិន្និផលខ្ពស់ និងស្នើសុំដល់ដល់អង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរផងដែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានស្វាគមន៍ចំពោះកម្មវត្ថុនៃការវិនិយោគនេះដោយថានាពេលបច្ចុប្បន្នផលិកម្មសូត្រខ្មែរត្រូវបានធ្លាក់ចុះជាច្រើន ហើយការបង្កើតគម្រោងវិនិយោគលើសូត្រខ្មែរដូចដែលបានលើកឡើងនឹងអាចថែរក្សាវប្បធម៌ត្បាញហូល-ផាមួងខ្មែរស្ថិតនៅដល់មនុស្សជំនាន់ក្រោយ។
លោក វេង សាខុន បានសរសេរលើហ្វេសបុកលោកថា៖ «គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគនេះ ព្រោះថាវានឹងជួយកសាងកំលាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កាត់បន្ថយការនាំចូល ធ្វើឲ្យសិប្បកម្មតម្បាញហូល-ផាមួងដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឲ្យអស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួងដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឲ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ» ។
ជនជាតិខ្មែរបានប្រតិបត្តិជាប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ជាច្រើនសតវត្សមកហើយដូចជានៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតកម្មសូត្រខ្មែរត្រូវបានធ្លាក់ចុះ។ រដ្ឋមន្ត្រីក្រសួងកសិកម្មបានទទួលស្គាល់ពីការធ្លាក់ចុះនេះ ទោះជាយ៉ាងណាលោកបានសម្តែងការគាំទ្រ និងសន្យារង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាងធ្វើយ៉ាងណាឲ្យគម្រោងរបស់ក្រុមហ៊ុនជប៉ុនខាងលើអាចដំណើរទៅដោយរលូន និងទទួលបានជោគជ័យ៕