សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកស្រី សូ សាម៉ូនី ម៉ៅ អាយុទ្ធ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកស្រី សូ សាម៉ូនី ម៉ៅ អាយុទ្ធ ចំពោះមរណភាពរបស់លោក ម៉ៅ អាយុទ្ធ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ 

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររំលែកមរណទុក្ខយ៉ាងដូច្នេះថា៖

«ខ្ញុំ និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ០៦៖០០ល្ងាច ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

មរណភាពរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រា បុត្រី ហើយគឺជាការបាត់បង់ជីតាប្រកបដោយក្តីសន្តោសប្រោសប្រណី ចំពោះចៅប្រុស ចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្តិ សហសេវិកដែលឯកឧត្តម ម៉ៅ អាយុទ្ធ តែងតែមានសមានចិត្តជាមួយ ដោយមិនរើសអើងចំពោះសិល្បករ សិល្បការិនីគ្រប់ទម្រង់។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនៃសព ប្រកបដោយអនិច្ចលក្ខណធម៌ដ៏សង្វេគសោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន។

សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ម៉ៅ អាយុទ្ធ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ ទទួលនូវក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕








ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក