ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង រក្សានូវភាពអត់ធ្មត់និងគោរពការសន្យារបស់ខ្លួនក្នុងការអនុវត្តន៍កិច្ចព្រមព្រមព្រៀងជាឯកច្ឆ័ន្ទទាំង៥ចំណុចរបស់អាស៊ាន។
ថ្លែងក្នុងជំនួបតាមប្រព័ន្ធវីដេអូពីចំងាយនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ជាមួយលោក មីន អោងលាំង សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបានរម្លឹកឱ្យលោក មីន អោងលាំង អនុវត្តនូវការកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទទាំង៥ចំណុចរបស់អាស៊ានចំពោះមីយ៉ាន់ម៉ា ត្រូវបង្កលក្ខណៈងាយស្រួលដល់ប្រេសិតពិសេសប្រធានអាស៊ានទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូងឱ្យបាន ត្រូវរក្សាភាពអត់ធ្មត់ឱ្យបានខ្លាំងក្នុងការរក្សានូវបទឈប់បាញ់ឱ្យបាន និងត្រូវចូលរួមជាមួយអាស៊ានក្នុងការធានាដល់ការផ្ដល់ជំនួយពលរដ្ឋមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបរវាងសម្ដេចតេជោ និងលោក មីន អោងលាំង ថា៖ «អ្វីដែលចង់គូសបញ្ជាក់នេះគឺសម្ដេចតេជោនាយករដ្ឋមន្រ្តីស្នើសុំអំពាវនាវនេះ។ ធ្វើយ៉ាងណាឱ្យឯកឧត្តម មីន អោងលាំង គាត់យកចិត្តទុកដាក់លើការអំពាវនាវលើចំណុចនេះ» ។
ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក មីន អោងលាំង នារសៀលនេះគឺបន្ទាប់ពីអំពើហិង្សារវាងយោធានិងក្រុមបះបោរបានកើតឡើងជាថ្មីនៅរដ្ឋការយ៉ាហ៍ ប្រទេសមីយ៉ាន់ម៉ាដែលបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីទីលំនៅរបស់ពួកគេ។
រហូតមកដល់ពេលនេះមានប្រទេស២ហើយនៅអាស៊ានគឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានបង្ហាញជំហរចង់រក្សាភាពជាតំណាងមីយ៉ាន់ម៉ានៅដដែលប្រសិនជាគ្មានវិត្តន៍ណាមួយនៃការសម្រេចជាឯកច័ន្ទទាំង៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានោះទេ។ ដែលមានន័យថាកៅអីមីយ៉ានម៉ាក្នុងពេលប្រជុំអាស៊ាននៅទុកចំហចោល ឬមានអ្នកតំណាងដែលមិនមែនជាអ្នកនយោបាយចូលរួម។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាឱ្យបេសកជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕