ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីម្សិលមិញថា ប្រទេសចិនសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះមហាក្សត្រកម្ពុជាដែលព្រះអង្គនឹងយាងទៅកាន់ប្រទេសចិនចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងនឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនបានបញ្ចប់។
លោក Zhao Lijian ថ្លែងក្នុងសន្និសីទសារព័ត៌មាននិងត្រូវបានស្ថានទូតចិនប្រចាំកម្ពុជាយកមកផ្សាយថា៖ «កម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន បានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងាប៉េកាំង។ ព្រះករុណាព្រះមហាក្សត្រគឺជាមិត្តចាស់របស់ប្រជាជនចិន។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រដែលរដ្ឋធានីប៉េកាំងនឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា»។
ព្រឹត្តិការណ៍កីឡាអន្តរជាតិដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនេះមានរយៈពេល១៦ថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ អត្តពលិកជិត៣ពាន់នាក់មកពីប្រទេសចំនួន៩០មកចូលរួមព្រឹត្តិការណ៍កីឡានេះ៕