ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានផ្តល់អនុសាសន៍គន្លឹះក្នុងការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២២ដោយមានការអនុវត្តគម្រោងសកម្មភាពក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទកូវីដ-១៩ ក្នុងឆ្នាំ២០២២។
នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថាយុទ្ធសាស្រ្តក្នុងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទកូវីដ-១៩ នឹងត្រូវធ្វើតាមរយៈ ស្ដារឡើងវិញ កែទម្រង់ និងពង្រឹងភាពធន់ (Recovery Reform Resilience) ដែលក្នុងនេះរូមមាន ការបំពេញបន្ថែមទុនវិនិយោគ Grant Matting ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម ជំរុញផលិតកម្មគ្រាប់ពូជគ្រឹះ (Foundation Seeds) និងគ្រាប់ពូជវិញ្ញាបនបត្រ (Camilisc Seeds) នៃប្រភេទស្រូវក្រអូប (ផ្ការំដួល និងសែនក្រអូប) ពូជដំណាំដំឡូងមី និងស្វាយចន្ទី ដែលមានគុណភាព ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ តាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)។
ក្រៅពីនេះក៏មានការពង្រឹងសមត្ថភាពដល់ក្រុមផលិត សមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្ម តាមកិច្ចសន្យាលើដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ និងការបំពេញលក្ខខ័ណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ផ្លែស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូប។ វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព-សុវត្ថិភាព និងចុងក្រោយគឺធ្វើសុខដុមនីយកម្មនិងសមាហរណកម្មផែនការសកម្មភាពនិងគម្រោងនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្មដែលគាំទ្រដោយថវិការដ្ឋនិងថវិការដៃគូក្នុងយុទ្ធសាស្ត្រស្តីពីការកែទម្រង់ការគ្រប់គ្រងការវិនិយោគសាធារណៈ។
លោក វេង សាខុន ក៏បានផ្តល់អនុសាសន៍ឲ្យបន្តកៀរគរផ្នែកឯកជន និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមវិនិយោគនៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេសទំនើប ប្រកបដោយភាពវៃឆ្លាត ការដាំដុះទំនើប ផ្ទះសំណាញ់ បច្ចេកទេសសន្សំសំចៃទឹក គម្របថង់ផ្លាស្ទិកកាត់បន្ថយការប្រើប្រាស់ទឹក កាត់បន្ថយកម្លាំងពលកម្មផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មឆ្នាំ២០២១ កម្ពុជានាំចេញកសិផលកសិកម្មសរុបចំនួន ១៥,៤០លានតោន មានវិញ្ញាបនបត្រមានចំនួន ៧,៩៨លានតោន ទៅកាន់ ៦៨ប្រទេស (ស្រូវចំនួន ២,១៩លានតោន ចំណិតដំឡូងមីក្រៀម ១,៦៤លានតោន ដំឡូងមីស្រស់ ១,១០លានតោន អង្ករ ៦២០ពាន់តោន ចេកអំបូងលឿង ៤២០ពាន់តោន ផ្លែស្វាយស្រស់ ២៤០ពាន់តោន និងគ្រាប់ពោត ២០០ពាន់តោន)៕