FIFA៖ សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) ដែលមានលោក Yasser Al Misehal ជាប្រធាន បានស្នើនូវគំនិតមួយទៅកាន់សមាជរបស់ FIFA ក្នុងការបង្កើត និងកែប្រែនូវការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ពីអំឡុង ៤ឆ្នាំម្តង មករៀបចំនៅ ២ឆ្នាំម្តង។
តាមគំនិតរបស់ប្រធានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត ការផ្លាស់ប្តូរនេះសំដៅឱ្យមានការរៀបចំការប្រកួតប្រជែងបានកាន់តែខ្ពស់ ក៏ដូចជាគុណសម្បត្តិផ្នែកហិរញ្ញវត្ថុទៅដល់បណ្តាសហព័ន្ធបាល់ទាត់ជាសមាជិកទាំងអស់ផងដែរ។
ក្នុងមហាសន្និបាតតាមរយៈ Zoom ដែលមានសមាជិកចំនួន ២១១សហព័ន្ធបាល់ទាត់មកពីជុំវិញពិភពលោក លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក បានហៅផែនការនេះថា "មានភាពធំធេង និងប្រាកដប្រជា" ស្របពេលដែលប្រទេសជាសមាជិកចំនួន ១៦៦បានគាំទ្រ និង ២២ផ្សេងទៀតបានជំទាស់គំរោងនេះ។ ថ្វីបើមានការគាំទ្រច្រើនលើសលុប ប៉ុន្តែស្ថាប័ន FIFA ដែលទទួលបន្ទុក និងមានសិទ្ធិសម្រេចទៅលើបបញ្ហានេះ បានលើកឡើងថា FIFA សុំពេលវេលាសិក្សាបន្ថែមទៅលើផលប៉ះពាល់ និងគុណសម្បត្តិនៃគំរោងនេះជាមុន ក៏ដូចជាពិចារណាទៅលើពេលវេលាដែលកំពុងមមាញឹកនៃកាលវិភាគប្រកួតនៃលីគ និងជម្រើសជាតិនីមួយៗ៕