ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការភ្ញាក់ផ្អើលចំពោះសៀវភៅដែលសម្ដេចនិពន្ធដែលមានចំណងជើងថា «គូព្រេងមិនព្រាត់» ត្រូវបានសមាគមខ្មែរចិននៅកម្ពុជាយកទៅបកប្រែជាភាសាចិននិងបោះពុម្ភ លក់អស់ក្នុងរយៈពេលដ៏ខ្លី។
សម្ដេចតេជោ បានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចនៅថ្ងៃនេះថា សៀវភៅដែលបានបោះពុម្ភជាភាសាចិនក្នុងចំនួន១៥០០ច្បាប់ ត្រូវបានដាក់លក់ដាច់ក្នុងរយៈពេលយ៉ាងខ្លីបានចំណូល ៧ ៥០០ដុល្លារអាមេរិក ដែលសម្ដេចថានឹងយកថវិកាទាំងនេះទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនរស់នៅ។
សម្ដេចតេជោបានសរសេរយ៉ាងដូច្នេះថា៖ «កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា (គូព្រេងមិនព្រាត់) ដែលបានបោះពុម្ពជា ៣ភាសា មានខ្មែរ អង់គ្លេស និងចិន។ សម្រាប់ការបោះពុម្ពជាភាសារចិនគឺរាប់រងដោយសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។ ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរដែលសៀវភៅភាសារចិនត្រូវបានដាក់លក់បាន ១៥០០ច្បាប់ក្នុងរយៈពេលដ៍ខ្លីដែលបានចំណូល ៧ ៥០០ដុល្លារដែលក្នុងមួយច្បាប់តម្លៃ៥ដុល្លារ។ សូមអរគុណលោក ពុង ខៀវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារនេះហើយខ្ញុំនឹងប្រើថវិការនេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន»។
អតីតយុទ្ធជនគឺជាអ្នកដែលសម្ដេចតេជោយកចិត្តទុកដាក់បំផុតមួយ។ សម្ដេចបានចាត់ទុកអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ធំធេងចំពោះប្រជាជន ជាតិមាតុភូមិកម្ពុជា ដែលបានរួមចំណែកកសាងសុខសន្ដិភាពនិងស្ថិរភាពសង្គមដល់សព្វថ្ងៃ។
ក្នុងឱកាសទទួលមេដាយមាសសន្ដិភាពពិភពលោកកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ជាមួយប្រាក់រង្វាន់១លានដុល្លារ ពេលនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបរិច្ចាកប្រាក់រង្វាន់ដែលសម្ដេចទទួលបានទាំងអស់ទៅសាងសង់ផ្ទះឱ្យអតីតយុទ្ធជនផងដែរ។
បច្ចុប្បន្នមានអតីតយុទ្ធជនជាង ១០ម៉ឺននាក់ កំពុងទទួលរបបសន្ដិសុខសង្គមប្រចាំខែពីរដ្ឋ។ ចាប់តាំងពីខែមេសា ឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានតំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជនដល់ចំនួន៦៤ម៉ឺនរៀលក្នុងមួយខែ បូករួមទាំងប្រាក់វិភាជន៍គ្រួសារប្រចាំខែ និងមានប្រាក់ឧបត្ថម្ភក្នុងឱកាសចូលឆ្នាំខ្មែរចំនួន៥ម៉ឺនរៀលផងដែរ៕