វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែមករា ថាសហរដ្ឋអាមេរិក នៅតែបន្តអំពាវនាវ ឱ្យកូរ៉េខាងជើង បញ្ឈប់ការបង្កហេតុរបស់ខ្លួន ហើយជំនួសមកវិញនូវកិច្ចសន្ទនា ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយភាពតានតឹង។
លោក Kirby ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភអំពីភាពជឿនលឿនរបស់កូរ៉េខាងជើងអំពីសមត្ថភាពនុយក្លេអ៊ែរនិងមីស៊ីលផ្លោង។
លោក Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «យើងបានដឹងយ៉ាងច្បាស់អំពីការព្រួយបារម្ភរបស់យើងចំពោះមហិច្ឆិតា នុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ […] យើងបន្តថ្កោលទោសនិងអំពាវនាវ ឱ្យកូរ៉េខាងជើងបញ្ឈប់ការបង្កហេតុទាំងនេះ និងគោរពតាមច្បាប់អន្តរជាតិ ព្រមទាំងស្វែងរកដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ និងព្យាយាមស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយភាពតានតឹង»។
ការកត់សម្គាល់នេះ ធ្វើឡើងបន្ទាប់ពីប្រទេស កូរ៉េខាងជើង បានចាប់ផ្តើមការបាញ់មីស៊ីលជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំនេះ ដែលរួមបញ្ចូលការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង ដែលអះអាងដោយខ្លួនឯង នៅក្នុងការបាញ់បង្ហោះចំនួនពីរលើកក្នុងចំណោមការបាញ់បង្ហោះទាំងបួននោះ។
ទីក្រុងព្យុងយ៉ាងក៏បានបង្ហើបផងដែរក្នុងការបន្តការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួនឡើងវិញ ដោយនិយាយថា បន្ទាប់ពីផ្អាកចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា នៅក្រោយការអំពាវនាវរបស់សហរដ្ឋអាមេរិកតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រទេសកូរ៉េខាងជើងត្រូវបាន យោធាកូរ៉េខាងត្បូងចាប់បានថា បានធ្វើតេស្តមីស៊ីលចំនួន ២គ្រាប់ទៀត ដែលជាប្រភេទមីស៊ីលគ្រូស ចេញពីលើដី ហើយវាក៏ជាលើកទី៥ផងដែរ សម្រាប់ដើមឆ្នាំ២០២២នេះដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីល៕