អន្តរជាតិ៖ អង្គការណាតូ (NATO) បាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែមករាថា អង្គការយោធាមួយនេះកំពុងដាក់កម្លាំងបម្រុងនៅអឺរ៉ុបខាងកើត ជាមួយនឹងនាវា និងយន្តហោះចម្បាំងបន្ថែមទៀត ខណៈដែលសហភាពអឺរ៉ុបបានកំណត់ផែនការសម្រាប់ប្រាក់កម្ចីនិងជំនួយសម្រាប់ទីក្រុងគៀវដែលមានតម្លៃជាង ១,៣ពាន់លានដុល្លារ ហើយមន្ទីរបញ្ចកោណអាមេរិកបានបញ្ជាឱ្យទាហានរាប់ពាន់នាក់រៀបចំសម្រាប់ការដាក់ពង្រាយទ័ពដែលអាចមាន។
ចំណាត់ការនេះ គឺបន្ថែមលើសញ្ញាជាច្រើនដែលថាលោកខាងលិចកំពុងរៀបចំសម្រាប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ទោះបីជាទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតថាខ្លួនគ្មានគម្រោងធ្វើសង្គ្រាមណាមួយក៏ដោយ។
ប្រទេសសម្ព័ន្ធមិត្តចំនួនបីរបស់សហរដ្ឋអាមេរិករួមមាន អូស្ត្រាលី អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានឱ្យបុគ្គលិកការទូត និងក្រុមគ្រួសាររបស់ពួកគេចេញពីស្ថានទូតនានាក្នុងទីក្រុងគៀវ តាមពីក្រោយសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន ហើយកំពុងទាមទារឱ្យអង្គការណាតូសន្យាថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមជាសមាជិកអង្គការនេះឡើយ ក៏ដូចជាសកម្មភាពផ្សេងទៀរបស់កងទ័ពសម្ព័ន្ធមិត្តនៅក្នុងបណ្តាប្រទេសអតីតប្លុកសូវៀតជាដើម។ ទោះបីយ៉ាងណា រុស្ស៊ីថា ខ្លួនដែលដែលរៀបចំផែនការឈ្លានពានអ៊ុយក្រែននោះទេ ហើយថាការចោទប្រកាន់លោកខាងលិចគ្រាន់តែជាការបិទបាំងចំពោះការបង្កហេតុដែលគ្រោងទុករបស់ណាតូប៉ុណ្ណោះ៕