ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីប្រកាសហាមការប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន-វៀតណាមឆ្នាំ២០២២ខាងមុខនេះ ដើម្បី ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពអ្នកមានជំងឺក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
នៅក្នុងសេចក្ដីប្រកាសចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឱ្យមានការដកហូត និងហាមការប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទនៅថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ដើម្បីជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ រដ្ឋបាលរាជធានីភ្នំពេញក៏បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវត្រួតពិនិត្យទប់ស្កាត់និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងរាជធានីភ្នំពេញមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះក្នុងឱកាសពិធីបុណ្យនេះ។
ក្រៅពីហាមឃាត់ការដុតផាវ រដ្ឋបាលរាជធានីភ្នំពេញក៏ហាមប្រាមដល់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតផងដែរ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈ។
នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវផ្សព្វផ្សាយណែនាំដល់ សមាគមចិន-វៀតណាម មន្ត្រីរាជការកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រាបពីការណែនាំនេះ។
រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការលើ ជនដែលបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តបទល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈឱ្យទទួលទោសតាមច្បាប់ជាធរមាន៕