អន្តរជាតិ៖ យោធាអាមេរិកបានប្រកាសនៅថ្ងៃចន្ទ ទី២៤ ខែមករាថា ខ្លួនបានត្រៀមកងទ័ពចំនួន ៨ ៥០០នាក់ ដើម្បីប្រុងជើងការដាក់ពង្រាយទៅកាន់អឺរ៉ុបខណៈភាពតានតឹងនៅតាមព្រំដែនអ៊ុយក្រែនកាន់តែកើនឡើងកម្តៅ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានសង្កត់ធ្ងន់ថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងថាតើនឹងត្រូវដាក់ពង្រាយកងទ័ពពេលណាទេ ទន្ទឹមនឹងអង្គការណាតូដែលមានមូលដ្ឋានទ័ពប្រមាណ ៤ពាន់នាក់នៅក្នុងកងវរសេនាតូចចម្រុះជាតិសាសន៍នៅក្នុងប្រទេសអេស្តូនី លីទុយអានី ឡាតវី និងប៉ូឡូញ និង៤ពាន់នាក់ផ្សេងទៀតនៅក្នុងប្រទេសរ៉ូម៉ានីហើយបារាំងបានស្នើឲ្យបញ្ជូនទ័ពបន្ថែមទៀត ស្របគ្នានេះដែរសហរដ្ឋអាមេរិកក៏មានទាហានឈរជើងនៅមូលដ្ឋានដាច់ដោយឡែកក្នុងប្រទេសរូម៉ានី និងនៅប៊ុលហ្គារីផងដែរ។
សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃឌិន នឹងនិយាយជាមួយមេដឹកនាំអឺរ៉ុបនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីភាពតានតឹងដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងការបង្កើនយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែនផងដែរ៕