ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយក្រសួងរ៉ែនិងថាមពល កំពុងពិចារណាគម្រោងអភិវឌ្ឍថាមពលរោងចក្រអគ្គិសនីចាស់ៗដើម្បីបង្កើននូវថាមពលអគ្គិសនី ក៏ដូចជាបញ្ឈប់ការបញ្ចេញខ្យល់ពុលដោយការដុតប្រេងខ្មៅពីក្នុងរោងចក្រ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីផែនការខ្យល់ស្អាតកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានលោក ជា ស៊ីណា បានឱ្យដឹងថាក្រសួងបរិស្ថាន និងក្រសួងរ៉ែនិងថាមពល មានគម្រោងប្រមូលនូវរោងចក្រអគ្គិសនីចាស់តូចៗនៅក្នុងរាជធានីភ្នំពេញមកធ្វើការកែប្រែនិងអភិវឌ្ឍរោងចក្រទាំងនោះឲ្យមានភាពប្រសើរឡើង ទាំងកម្លាំងថាមពលអគ្គិសនីនិងកាត់បន្ថយការបំពុលខ្យល់ផងដែរ។
លោក ជា ស៊ីណា បានលើកឡើងថា ការប្រមូលរោងចក្រអគ្គិសនីតូចៗនេះគឺកំពុងស្ថិតនៅក្នុងគម្រោងរបស់ក្រសួងរ៉ែនិងថាមពលដោយសារតែការមើលឃើញពីថាមពលដែលទទួលបានពីរោងចក្រនេះមានកម្រិតទាប ជាពិសេសគឺការប៉ះពាល់ទៅលើប្រជាជនដែលនៅក្បែរនោះនៅពេលមានការបញ្ឆេះដំណើរការរោងចក្រ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងជាទិសដៅ គឺមាននៅក្នុងគម្រោងរបស់ក្រសួងរ៉ែនិងថាមពលហើយ គឺយើងយករោងចក្រអគ្គិសនីតូចៗ នៅក្នុងរាជធានីភ្នំពេញដូចជានៅចាក់អង្រែ ឬនៅទួលសង្កែ [...] ក្រសួងទាំងពីរបានឯកភាពគ្នាហើយថាត្រូវតែរំដោះរោងចក្រអគ្គិសនីតូចៗទាំងនោះចេញពីទីក្រុងភ្នំពេញព្រោះថាយើងចង់បានទីក្រុងភ្នំពេញស្អាតនេះឯង»។
ក្រសួងទាំងពីរទទួលស្គាល់ថា រោងចក្រអគ្គិសនីនេះបានបង្កការរំខានទៅដល់ការរស់នៅរបស់ប្រជាជនដែលមានលំនៅឋាននៅក្បែរនោះ គឺនៅពេលដែលមានចំហេះដំណើរការរោងចក្រនឹងមានការបញ្ចេញផ្សែងខ្មៅក៏ដូចជាម្រែងភ្លើងសាយភាយចេញមក ព្រោះថារោងចក្រទាំងនោះដំណើរការដោយចំហេះប្រេងខ្មៅ ខុសពីរោងចក្រសម័យទំនើបដែលដំណើរការដោយចំហេះធ្យូងថ្ម។
ជាក់ស្ដែង រោងចក្រផលិតថាមពលអគ្គិសនីទីពីរនៅក្នុងនៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតាមការលើកឡើងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ពួកគាត់ថាតែងរងការរំខានដោយសម្លេង និងរំញ័រចេញពីរោងចក្រអគ្គិសនីមួយនេះស្ទើររៀងរាល់ថ្ងៃ ជាពិសេសគឺផ្សែងភ្លើងដែលមានក្លិនឈ្ងៀម។ រោងចក្រនេះចាប់ផ្ដើមដំណើរការនៅចន្លោះពីម៉ោង៥ទៅ៦ព្រឹក និងបិទទៅវិញនៅម៉ោង១០ទៅ១១យប់។
តាមការអះអាងរបស់លោកអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រោងចក្រអគ្គិសនីនេះគឺបានដំណើរការតាំងពីសម័យសង្កមរាស្ត្រនិយមមកម្ល៉េះ ដោយទទួលបានកម្លាំងថាមពលប្រហែលក្រោម១០មេហ្គាវ៉ាត់ប៉ុណ្ណោះ។
លោកបានបន្ថែមថា រោងចក្រនេះដំណើរការដោយការដុតប្រេងខ្មៅ ជាហេតុនាំឲ្យមានផ្សែងនិងកម្ទេចម្រែងភ្លើងធ្លាក់មកលើផ្ទះអ្នកស្រុកដែលនៅក្បែរនោះពេលមានដំណើរការរោងចក្រ។
លោកបន្តថា រោងចក្រនេះដំណើរការតែនៅខែប្រាំងប៉ុណ្ណោះ ដើម្បីបំពេញបន្ថែមនូវតម្រូវការប្រើប្រាស់ថែមពីលើថាមពលដែលបានមកពីទំនប់វារីអគ្គសនី ព្រោះនៅក្នុងរដូវនេះមិនសូវមានភ្លៀងធ្លាក់ ជាហេតុមិនមានទឹកហូរខ្លាំងនៅក្នុងការបង្កើតថាមពលអគ្គិសនីឲ្យបានគ្រប់គ្រាន់។
បើតាមលោក ជា ស៊ីណា ការអភិវឌ្ឍរោងចក្រអគ្គិសនីចាស់ៗនេះមានពីរជម្រើស គឺត្រូវផ្លាស់ប្ដូរទីតាំងរោងចក្រទាំងអស់នោះចេញពីក្នុងរាជធានីភ្នំពេញ ឬត្រូវបញ្ឈប់ការប្រើប្រាស់តែម្ដង៕