ភ្នំពេញ : មនុស្សសរុបចំនួន ២ ២៩៥ ៦៣៨នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១ ៤៤៧ ១៩៣នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌិន នៅថ្ងៃអាទិត្រ ទី២១ ខែឧសភានេះ លទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ ដែលជាគោលបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឥឡូវនេះគឺសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន ២២.២៦%ហើយ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៉ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៩២៨ ៣១៩ដូស ខណៈចាក់លើកទី២អស់ ៦៤៩ ១០៩ដូស។ វ៉ាកសាំងម៉ាក Covishield (AstraZeneca) បានចាក់លើកទី១ សរុបចំនួន ១៦១ ១៦២ដូស ខណៈចាក់លើកទី២អស់ ៧១ ១៨០ដូស និងវ៉ាក់សាំងម៉ាកស៉ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ១ ២០៦ ១៥៧ដូស ខណៈចាក់លើកទី២អស់ ៧២៦ ៩០៤ដូស៕