ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង តាមរយៈវីដេអូខលនៅថ្ងៃស្អែកដើម្បីតាមដានសភាពការប្រទេសនេះក្រោយមានអំពើហិង្សាបន្ថែម។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពី សម្តេចតេជោជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Yab dato sri ismal sabri bin yaakob នៅព្រឹកនេះថា មូលហេតុដែលសម្តេចជួបពិភាក្សាជាមួយនឹងលោក មីន អោងលាំង ព្រោះដើម្បីពិនិត្យទៅលើព្រឹត្តិការណ៍ក្រោយទស្សនៈកិច្ចរបស់សម្តេចនៅប្រទេសមីយ៉ាម៉ា រួមមានការកាត់ទោសលោកស្រី អោង សានស៊ូជី និងមានការប្រើប្រាស់យន្តហោះយោធាធ្វើប្រតិបត្តិការដោយមានការប៉ះទង្គិចប្រដាប់អាវុធនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។
គួររំលឹកថាក្នុងដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសមីយ៉ានម៉ា បានចេញសេចក្តីប្រកាសរួម ដោយមេដឹកនាំយោធាមីយ៉ានម៉ាលោក មីន អោងលាំង ប្រកាសធានាដល់ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។
សម្តេចតេជោបានបញ្ជាក់ផងដែរថាអាស៊ាននិងដៃគូដែលចង់ចូលរួមដើម្បីធ្វើដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព៕