អន្តរជាតិ៖ ប៉ូលិសថៃបានរាយការណ៍កាលពីថ្ងៃអាទិត្យថា បុរសជនជាតិអង់គ្លេសអាយុ ៤៩ឆ្នាំម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់គាត់ជាមួយនឹងរបួសដោយស្នាមកាំបិត ដោយបានដាក់ការសង្ស័យលើជនជាតិថៃម្នាក់។
ហេតុការណ៍នេះកើតឡើងក្នុងខេត្ត កាន់ចាណាបូរី នៅភាគខាងលិចប្រទេសថៃ។
ប៉ូលីសក្នុងខេត្ត Kanchanaburi បាននិយាយថា ការស៊ើបអង្កេតបឋម បានឲ្យដឹងថា បុរសជនជាតិថៃរូបនេះ បានប្រើកាំបិតកណ្ដៀវមកកាប់ ដោយសារតែផ្ទះជនជាតិអង់គ្លេសផឹកស៊ីឡូឡារ និងចាក់ភ្លេងឮៗ។ ក្នុងនោះមានបុរសជនជាតិអង់គ្លេសម្នាក់ទៀតអាយុ ៥៥ឆ្នាំបានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបន្ថែមថាភស្តុតាងផ្សេងទៀតកំពុងត្រូវបានប្រមូល។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះទាំងពីរនាក់បានផឹកស៊ីតាំងពីព្រលប់ថ្ងៃសុក្រ រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ខណៈដែលអ្នកទាំងពីរកំពុងច្រៀងឮខ្លាំងនៅមុខផ្ទះ ស្រាប់តែជនសង្ស័យជាជនជាតិថៃ ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកជិតខាង បានចេញពីផ្ទះរបស់គាត់ដោយកាន់កណ្ដៀវ ហើយចូលកាប់តែម្តង។
ជនជាតិអង់គ្លេសម្នាក់ទៀតដែលបានឃើញហេតុការណ៍បានព្យាយាមឃាត់ខ្លួនជនសង្ស័យ ហើយបានរងរបួសក្នុងពេលនោះ បើតាមអ្នកជិតខាងបានឲ្យដឹងថា ជនសង្ស័យដែលចូលកាប់គេនេះអាយុ២២ឆ្នាំ ហើយធ្លាប់ប្រវត្តិមានបញ្ហាផ្លូវចិត្ត ៕