
ច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្តិទៅនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាត្រូវបានយកទៅពិភាក្សាជាមួយOHCHR
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយសហជីពស្តីពី «សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា» ក្នុងគោលដៅប្រមូលធាតុចូលបន្ថែមពីខាងសហជីព និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
កិច្ចពិភាក្សានៅថ្ងៃនេះធ្វើឡើងនៅក្នុងសាលនៃសាលាភូមិន្ទភ្នំពេញ ដោយផ្តោតសំខាន់លើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ សំដៅធ្វើយ៉ាងណាឱ្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលនឹងត្រូវបង្កើតឡើង គឺស្ថាប័នឯករាជ្យប្រកបដោយវិជ្ជាជីវ: និងធានានូវការការពារ លើកកម្ពស់ និងគោរពសិទ្ធិមនុស្ស ចំពោះប្រជាពលរដ្ឋគ្រប់រូបដោយមិនមានការរើសអើង។
ថ្លែងក្នុងកិច្ចពិភាក្សានេះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានថ្លែងថាការបង្កើតស្ថាប័នគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងឆន្ទៈលើកស្ទួយសិទ្ធិមនុស្ស ហើយគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលនឹងបង្កើតឡើងនេះ គឺជាស្ថាប័នជាតិឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។
តំណាងOHCHR លោក Pradeep Wagle បានថ្លែងគាំទ្រចំពោះការបង្កើតស្ថាប័នគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយថាជាជំហានទៅមុខបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា។
សេចក្តីព្រាងច្បាប់ «ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា» បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់នូវធាតុចូលពីសាធារណៈជនទូទៅតាំងពីខែកក្កដា ឆ្នាំ២០២១ រហូតមក។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយនេះគឺជាកិច្ចពិគ្រោះយោបល់លើកទី២ បន្ទាប់ពីការពិគ្រោះយោបល់លើកទី១បានរៀបចំធ្វើឡើងជាមួយអង្គការសង្គមស៊ីវិល៕