តៃប៉ិ៖ កាលពីថ្ងៃអាទិត្យទី២៣ ខែមករាម្សិលមិញ កោះតៃវ៉ាន់បានរាយការណ៍ពីការលុកលុយដ៏ធំបំផុតដោយកម្លាំងទ័ពអាកាសរបស់ចិននៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កាលពីម្សិលមិញយន្តហោះចម្បាំងចិនចំនួន ៣៤គ្រឿង បូករួមទាំងយន្តហោះចម្បាំងអេឡិចត្រូនិក៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងបានហោះចូលដែនអាកាសរបស់ខ្លួន។ ភ្លាមៗតៃវ៉ាន់ក៏បានបញ្ជូនយន្តហោះចម្បាំងដើម្បីដេញយន្តហោះចិនដែរ ខណៈដែលប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយដើម្បីឆ្លើយតបរាល់សកម្មភាពនានា។
រហូតមកដល់ពេលនេះក៏មិនទាន់មានការអត្ថាធិប្បាយពីប្រទេសចិននោះទេ ខណៈកន្លងមកចិនធ្លាប់បាននិយាយថាទង្វើបែបនេះជាសមយុទ្ធក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់ប្រទេស។
កោះតៃវ៉ាន់ ដែលចិនតែងអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនបានរាយការណ៍ជារឿយៗក្នុងរយៈពេលជាងមួយឆ្នាំនេះ ចំពោះការលុកលុយម្តងហើយម្តងទៀតដោយកងកម្លាំងអាកាសរបស់ចិននៅតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរជិតកោះតៃវ៉ាន់ក្នុងប្រជុំកោះ Pratas។
គួរបញ្ជាក់ផងដែរថា ចិនបានបង្កើនសម្ពាធលើតៃវ៉ាន់ជាបន្តបន្ទាប់ ដោយទាមទារអធិបតេយ្យភាពរបស់ខ្លួន ខណៈរដ្ឋាភិបាលតៃវ៉ាន់និយាយថា ខ្លួនចង់បានសន្តិភាព ប៉ុន្តែនឹងការពារខ្លួនប្រសិនបើត្រូវបានវាយប្រហារពីភាគីចិននោះ។ តៃវ៉ាន់បានរាយការណ៍ស្ទើរតែរៀងរាល់ថ្ងៃ ថាកងកម្លាំងទ័ពអាកាសរបស់ចិនតែងហោះឆ្វែលចូលទៅក្នុងលំហអាកាស ប៉ុន្តែចំនួនយន្តហោះកាលពីថ្ងៃអាទិត្យគឺមានចំនួនច្រើនបំផុតចាប់តាំងខែតុលា៕