
រដ្ឋបាលខេត្ដកំពង់ស្ពឺ ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទនៅទូទាំងខេត្ត
កំពង់ស្ពឺ : ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ដកំពង់ស្ពឺ ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទនៅទូទាំងខេត្ដ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងលើកកម្ពស់សោភ័ណភាពនៅតាមទីសាធារណៈ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាទៅដល់មន្ទីរពាក់ព័ន្ធត្រូវចាប់ផ្តើមជូនដំណឹងឱ្យរុះរើចេញជាបន្ទាន់ នូវស្លាកប៉ាណូដែលបានលើកតាំងផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ ខណៈអ្នកខេត្តកំពង់ស្ពឺជាអ្នកពូកែខាងរៀនសូត្រចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ។
បទបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការរុះរើចេញស្លាកប៉ាណូជាបន្ទាន់នេះខណៈដែលស្រាបៀរធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋសាធារណៈ និងបង្កឱ្យមានហឹង្សាក្នុងគ្រួសារជាពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ជាដើម។
ពាក់ព័ន្ធទៅនឹងយន្តការមិនអនុញ្ញាតឱ្យមានការដាក់តាំងប៉ាណូផ្សព្វផ្សាយស្រាបៀរ គ្រប់ប្រភេទនៅទូទាំងខេត្ដកំពង់ស្ពឺនេះ បានទទួលការគំាទ្រពីគ្រប់មជ្ឈដ្ឋានទំាងប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលនេះគឺជាគំរូមួយដ៏ល្អធានាបានសុខភាពសណ្តាប់ធ្នាប់នៅក្នុងសង្គម។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺក្នុងការចុះរុះរើចេញនូវស្លាកប៉ាណូផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗនៅតាមសាធារណៈ ដើម្បីធានាបានសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលផ្ទំាងប៉ាន់ណូផ្សព្វផ្សាយនេះគឺជាកក្តាដែលអូសទាញប្រជាពលរដ្ឋឱ្យចង់ផឹកគ្រឿងស្រវឹងកន្លងមក។
ប្រធានអង្គការចលនាដើម្បីសុខភាពរូបនេះក៏បានឱ្យដឹងដែរថាការផឹកគ្រឿងស្រវឹងបានបង្កហានិភ័យ៤យ៉ាងសំខាន់ៗ ដូចជាបណ្ដាលឱ្យពលរដ្ឋកើតជំងឺផ្សេង គ្រោះថ្នាក់ចរាចរណ៍ អំពើហឹង្សា និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិនាំឱ្យប្រជាពលរដ្ឋកាន់តែមានភាពក្រីក្រជាដើម៕