លោកអភិសន្តិបណ្ឌិត ស សុខា បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមបណ្ដារាជធានី-ខេត្ត | លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមបណ្ដារាជធានី-ខេត្ត | ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនត្រូវស្ថិតត្រឹមលើបបូរមាត់ទេ តែត្រូវមានការវាស់វែង |

ណាហ្គាវើល បញ្ជាក់ថាក្រុមហ៊ុនមិនដែលយកហេតុផលថាបុគ្គលិកជាសមាជិកសហជីពដើម្បីបញ្ឈប់ការងារនោះទេ

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើល បញ្ជាក់ថាក្រុមហ៊ុនមិនដែលយកហេតុផលសមាជិកភាពសហជីពជាលក្ខខណ្ឌក្នុងការបញ្ឈប់នោះទេ ខណៈថាការកាត់បន្ថយបុគ្គលិកកន្លងមកព្រោះក្រុមហ៊ុនខាតបង់ច្រើនពេកដោយសារជំងឺកូវឺដ-១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ ក្រុមហ៊ុនណាហ្គាវើលឱ្យដឹងថាដោយសារតែជំងឺកូវីដ-១៩ ប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ពិភពលោកធ្ងន់ធ្ងរបានធ្វើឱ្យក្រុមហ៊ុនជាច្រើនក្នុងពិភពលោកធ្លាក់ចុះប្រាក់ចំណូល និងអាជីវកម្មធ្លាក់ចុះព្រោះបរិយាកាសសេដ្ឋកិច្ចមិនល្អ ជាក់ស្ដែងគិតត្រឹមឆមាសទី១ នៃឆ្នាំ២០២១ ក្រុមហ៊ុនខាតបង់ប្រាក់អស់ប្រមាណ ៧៧លានដុល្លារអាមេរិក។

សណ្ឋាគារ និងកាស៊ីណូណាហ្គាវើលបានលើកឡើងបន្ថែមថា ដោយសារបរិយាកាសអាជីវកម្មមិនល្អដូច្នេះហើយទើបក្រុមហ៊ុនចាប់ផ្ដើមធ្វើការកាត់បន្ថយការចំណាយមួយចំនួនដើម្បីប្រយោជន៍បន្តដំណើរការបានទៅមុខទៀត។ ក្នុងចំណោមការកាត់បន្ថយការចំណាយនេះ ការកាត់បន្ថយការចំណាយលើមនុស្សជាពិសេសផ្នែកណាដែលបុគ្គលិកច្រើនលើសតម្រូវការ ឬកម្លាំងបុគ្គលិកដែលគ្មានផលិតភាពគឺជាជំហានដែលក្រុមហ៊ុនត្រូវអនុវត្តមួយ។

ក្រុមហ៊ុនដែលប្រតិបត្តិការណ៍តាំងពីឆ្នាំ១៩៩៥ នេះបានបញ្ជាក់ទៀតថាក្នុងការបញ្ឈប់បុគ្គលិកនេះខ្លួនបានគោរពតាមច្បាប់ការងារនិងវិធានផ្សេងទៀតដែលជាប្រយោជន៍ដល់កម្មកររបស់ខ្លួន។

ក្រុមហ៊ុនបញ្ជាក់ថា៖ «ជាលទ្ធផល ដើម្បីប្រយោជន៍របស់បុគ្គលិកដែលរងផលប៉ះពាល់ ក្រុមហ៊ុនបានអនុវត្តនូវវិធានការបញ្ចប់កិច្ចសន្យាការងារដោយការព្រមព្រៀង (Mutual Separation Plan (MSP)) ដែលវិធានការនេះផ្ដល់ជូនដល់បុគ្គលិកនូវប្រាក់សំណងប្រសើរលើសពីសំណងដែលត្រម្រូវដោយច្បាប់ការងារកម្ពុជា។ ៧៣% នៃបុគ្គលិកដែលរងផលប៉ះពាល់ បានទទួលយកគម្រោងបញ្ចប់កិច្ចសន្យាការងារដោយការព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងតម្លាភាពពេញលេញ ដោយឆ្លងកាត់ការពិគ្រោះយោបល់ និងអនុវត្តនូវវិធីសាស្ត្រនៃការគណនាស្របតាមវិធានច្បាប់ និងលិខិតបទដ្ឋានជាធរមានទាំងអស់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាច្បាប់និងវិធានការពាក់ព័ន្ធជាធរមានទាំងអស់នៅកម្ពុជា»។

ក្រុមហ៊ុនណាហ្គាវើលបានបញ្ជាក់ថាខ្លួនបានបញ្ឈប់ការងារបុគ្គលិកចំនួន២ដងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងចំនួនសរុប ១៤ ៥២២នាក់ ក្នុងនោះសមាជិកសហជីព ៦ ៥៤៨នាក់។ បើទោះបីជាដូច្នេះក្ដី មានបុគ្គលិកចំនួន ៣៦០នាក់ បានបដិសេធមិនទទួលយកគម្រោងបញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងនេះ និងបានជូនដំណឹងធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

ណាហ្គាវើលបន្ថែមថា៖ «សហជីពបានជំទាស់នឹងវិធីសាស្ត្រនៃការគណនាប្រាក់សំណង ដែលការជំទាស់នេះ មិនបានផ្អែកលើវិធាន លិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធណាមួយជាធរមាននៅកម្ពុជាឡើយ»។

គិតចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មកដល់ថ្ងៃនេះមានរយៈពេល៣៦ថ្ងៃហើយដែលអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលបន្តកូដកម្មទាមទារដល់ក្រុមហ៊ុនទទួលយកទៅធ្វើការវិញ ខណៈមនុស្សចំនួន៨នាក់ត្រូវចាប់ខ្លួននឹងចោទប្រកាន់ដោយតុលាការពាក់ព័ន្ធនឹងញុះញង់ឱ្យមានវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម បន្ទាប់ពីអាជ្ញាធររកឃើញថាទទួលបានហិរញ្ញវត្ថុនិងការបញ្ជាពីក្រៅប្រទេសធ្វើសកម្មភាពញុះញង់ពីក្រោយកូដកម្មនេះ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសនោះរួមមាន អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិយោបល់ លោកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស លោកស្រី Mary Lawlor និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិខាងការប្រមូលផ្តុំដោយសន្តិវិធី និងខាងសមាគម លោក Clément Nyaletsossi Voule បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសចំពោះការចាប់ខ្លួន និងឃុំខ្លួនថ្នាក់ដឹកនាំសហជីព ណាហ្គាវើលដ៍ ដោយបានចាត់ទុកសកម្មភាពនេះជាការបំពានលើច្បាប់សិទ្ធិមនុស្ស និងបានអំពាវនាវដល់រដ្ឋាភិបាលពន្យល់នូវចំណាត់ការនេះផងដែរ។

ភ្លាមៗស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្កការសហប្រជាជាតិលោក អាន សុខឿន បានការពារចំណាត់ការរបស់រាជរដ្ឋាភិបាលគឺស្របតាមច្បាប់ និងមានលក្ខណៈសមាមាត្រ ដោយថាកូដកម្មរបស់អតីតកម្មករណាហ្គាវើលធ្វើឡើងដោយពុំស្របច្បាប់ ដែលបានអូសបន្លាយជាច្រើនសប្ដាហ៍និងគំរាមកំហែងដល់សន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈថែមទៀត។ លោកបានលើកឡើងបន្ថែមថា មុននឹងមានចំណាត់ការអាជ្ញាធរកម្ពុជាបានអំពាវនាវយ៉ាងទទួចស្នើដល់អ្នកធ្វើកូដកម្ម ងាកមករកការចចារដោយសន្ដិវិធី ត្រង់ទៅត្រង់មកថែមទៀត ។

ស្ថានតំណាងបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់របស់អាជ្ញាធរគឺនៅតែការពារសិទ្ធិនិងផលប្រយោជន៍របស់ជនសង្ស័យ និងជាប់ចោទដដែល ដែលពួកគេមានឱកាសពេញលេញទទួលបានការជំនុំជម្រះ រួមទាំងសិទ្ធិទទួលបានមេធាវី ដែលស្របតាមនីតិវិធីទាំងអស់ទៀតផង។ លោកបានក្រើនរំលឹកដល់អ្នករាយការណ៍ពិសេសទាំងនោះ ឱ្យគោរព ក្រមប្រតិបត្តិសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស និងធ្វើការដោយផ្អែកលើមូលដ្ឋាននៃការពិតជាជាងការបំភ្លៃព័ត៌មាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក